លោក ស៊ី អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ុយរូហ្គាយលើវិស័យជាច្រើន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសចិន និងអ៊ុយរូហ្គាយ គួរតែពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្មហិរញ្ញវត្ថុ កសិកម្ម និងការចិញ្ចឹមសត្វ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។
លោក ស៊ី បានមានប្រសាសន៍នៅពេលជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋអ៊ុយរូហ្គាយ លោក យ៉ាម៉ាឌូ អរស៊ី(Yamandu Orsi) នៅទីក្រុងប៉េកាំងថា ភាគីទាំងពីរគួរតែស្វែងយល់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ រួមទាំងការអភិវឌ្ឍបៃតងសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងថាមពលស្អាត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរ។
លោក អរស៊ី កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសចិន។ លោកគឺជាមេដឹកនាំដំបូងគេមកពីអាមេរិកឡាទីនដែលបានមកទស្សនកិច្ចប្រទេសចិនក្នុងឆ្នាំ២០២៦ហើយដំណើរទស្សនកិច្ចរបស់លោកគឺធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំមកពីអៀរឡង់ សាធារណរដ្ឋកូរ៉េ កាណាដា ហ្វាំងឡង់ និងចក្រភពអង់គ្លេស។
លោក ស៊ី បានមានប្រសាសន៍ថា «នៅថ្ងៃនេះ ៣៨ឆ្នាំមុន ប្រទេសចិននិងអ៊ុយរូហ្គាយ បានបង្កើតទំនាក់ទំនងការទូត» ដោយលោកបានចង្អុលបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយមិនគិតពីការផ្លាស់ប្តូរស្ថានភាពអន្តរជាតិ ប្រទេសទាំងពីរតែងតែចុះសម្រុងគ្នាដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោក ស៊ី បានអំពាវនាវឱ្យភាគីទាំងពីរបន្តប្រពៃណីរបស់ពួកគេ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេក្រោមកាលៈទេសៈថ្មី ដើម្បីធានាថាមិត្តភាពរបស់ពួកគេកាន់តែរឹងមាំ និងរស់រវើក។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិន និងអ៊ុយរូហ្គាយ គួរតែបន្តគាំទ្រយ៉ាងរឹងមាំចំពោះផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក ពង្រឹងការផ្លាស់ប្តូរមិត្តភាពគ្រប់កម្រិត និងគ្រប់វិស័យ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង និងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រជាបន្តបន្ទាប់។
លោក អរស៊ី បាននិយាយថា ប្រទេសចិនគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយរបស់ប្រទេសអ៊ុយរូហ្គាយ ហើយភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរគឺស្ថិតនៅកម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រ។
ដោយកត់សម្គាល់ថា ប្រទេសអ៊ុយរូហ្គាយគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ចិនតែមួយ និងគាំទ្រគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» លោកបាននិយាយថា ប្រទេសអ៊ុយរូហ្គាយមានបំណងចង់ធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយប្រទេសចិនកាន់តែស៊ីជម្រៅនិងនាំកិច្ចសហប្រតិបត្តិការទ្វេភាគីទៅកាន់កម្រិតខ្ពស់ជាងនេះ។
លោកបាននិយាយថា ប្រទេសអ៊ុយរូហ្គាយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសចិន ដើម្បីរក្សាការប្តេជ្ញាចិត្តចំពោះគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គាំទ្រពហុភាគីនិយមការពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ជំរុញទំនាក់ទំនងប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីន-ចិន បន្ថែមទៀត និងការពារផលប្រយោជន៍រួមនៃសកលភាគខាងត្បូង។
បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង ១០ច្បាប់ដែលគ្របដណ្តប់លើការវិនិយោគ ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





