រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ និងទីក្រុងអង់ការ៉ា ចែករំលែកគោលដៅនៃវិបុលភាពតំបន់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកជី (Abbas Araghchi) បាននិយាយថា ប្រទេសរបស់លោកចែករំលែកចក្ខុវិស័យជាមួយប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) សម្រាប់វិបុលភាពក្នុងតំបន់ ដោយសរសើរអំពីតួនាទីការទូតរបស់ទីក្រុងអង់ការ៉ានៅក្នុងតំបន់។
នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសតួកគីកាលពីសប្តាហ៍មុន លោក អារ៉ាកជី បាននិយាយថា ទស្សនៈរបស់តួកគីទៅលើអ៊ីរ៉ង់តែងតែមានលក្ខណៈ «ស្ថាបនា» ដោយលោកបានបន្ថែមថា វិធីសាស្រ្តនេះមានសារៈសំខាន់ណាស់សម្រាប់ទីក្រុងតេអេរ៉ង់។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ក៏បានសង្កេតឃើញនូវគោលជំហរស្ថាបនារបស់ទីក្រុងអង់ការ៉ាក្នុងអំឡុងពេលសង្គ្រាមរយៈពេល ១២ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលកាលពីក្នុងខែមិថុនា ឆ្នាំ២០២៥ ផងដែរ។
លោកបាននិយាយថា «មិត្តភាពរវាងប្រទេសអ៊ីរ៉ង់ និងតួកគី គឺមានលក្ខណៈដ៏រឹងមាំ។ លោកប្រធានាធិបតី អឺដូហ្គែន បាននិយាយថា «ការប្រើប្រាស់ការទូតនឹងផ្តល់ផលប្រយោជន៍ដល់តំបន់។ ប្រទេសតួកគីក៏កំពុងធ្វើការងារដើម្បីស្វែងរកផ្លូវឆ្ពោះទៅរកដំណោះស្រាយនៅក្នុងតំបន់ផងដែរ ដោយយើងបានមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងទាំងនេះជាផ្លូវវិជ្ជមាន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





