ប្រធានាធិបតីតួកគីនឹងពិភាក្សាអំពីវិស័យសេដ្ឋកិច្ច និងការវិនិយោគ ក្នុងអំឡុងពេលទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) នឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះ ជាមួយគណៈប្រតិភូធុរកិច្ច ដើម្បីពិភាក្សាអំពីការជំរុញបរិមាណពាណិជ្ជកម្ម ការលើកកម្ពស់ការវិនិយោគទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជនបន្ថែមទៀត។ នេះបើយោងតាមតំណាងវិស័យមួយរូបបានប្រាប់សារព័ត៌មានអាណាដូលូ។
លោក ហាស៊ីម សាន់ហ្គូ (Hasim Sungu) ប្រធានក្រុមប្រឹក្សាធុរកិច្ចតួកគី-អារ៉ាប៊ីសាអូឌីត នៅក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេស (DEIK) បានថ្លែងថា កិច្ចប្រជុំសំខាន់ៗមួយចំនួននឹងត្រូវធ្វើឡើងនៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះ ខណៈដែលប្រទេសទាំងពីរសម្រេចបាននូវទំនាក់ទំនងកាន់តែជិតស្និទ្ធគ្នានៅក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងវិស័យពាក់ព័ន្ធ។
លោកបាននិយាយថា «ដំណើរទស្សនកិច្ចរបស់លោក អឺដូហ្គែន ទៅកាន់អារ៉ាប៊ីសាអូឌីត តំណាងឱ្យឆន្ទៈរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងការវិនិយោគ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជនបន្ថែមទៀត»។
លោក សាន់ហ្គ បានកត់សម្គាល់ថា ផែនទីបង្ហាញផ្លូវនាពេលអនាគតរបស់អារ៉ាប៊ីសាអូឌីត ដែលហៅថាកម្មវិធីចក្ខុវិស័យឆ្នាំ២០៣០ ភាគច្រើនស្របគ្នានឹងសមត្ថភាពរបស់ប្រទេសតួកគីក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម វិស្វកម្ម និងបច្ចេកវិទ្យា ដោយលោកបាននិយាយថា ដំណើរទស្សនកិច្ចនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់សហគមន៍ធុរកិច្ចតួកគីក្នុងការពង្រឹងទំនាក់ទំនង និងបើកផ្លូវសម្រាប់គម្រោងវិនិយោគថ្មីៗ។
លោកបានលើកឡើងថា បរិមាណពាណិជ្ជកម្មរវាងប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីតថ្មីៗនេះ មានលើសពី ៨ប៊ីលានដុល្លារអាម៉េរិក ប៉ុន្តែលោកបានកត់សម្គាល់ថា តួលេខនេះគួរតែមានប្រហែល ៣០ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេលវែង ដោយសារទំហំនៃសេដ្ឋកិច្ច។
លោកបាននិយាយថា «មធ្យោបាយដើម្បីសម្រេចបាននូវគោលដៅបែបនេះ គឺត្រូវលើសពីការយល់ដឹងបែបប្រពៃណីអំពីពាណិជ្ជកម្ម និងជំរុញការវិនិយោគ គាំទ្រផលិតកម្មក្នុងស្រុក និងធ្វើកិច្ចសហប្រតិបត្តិការផ្អែកលើគម្រោង។ ការពង្រឹងទំនាក់ទំនងផ្ទាល់រវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ គឺជាគន្លឹះក្នុងដំណើរការនេះ»។
លោក សាន់ហ្គូ បានកត់សម្គាល់ថា វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ សំណង់ ឧស្សាហកម្ម ការពារជាតិ ថែទាំសុខភាព ទេសចរណ៍ និងការផ្លាស់ប្តូរឌីជីថល គឺជាវិស័យមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគដ៏រឹងមាំរវាងប្រទេសទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





