ច្រកឆ្លងកាត់រ៉ាហ្វាបើកឡើងវិញជាផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ច្រកឆ្លងកាត់ព្រំដែនរ៉ាហ្វានៅតាមព្រំដែនអេហ្ស៊ីប-ហ្គាហ្សា បានចាប់ផ្តើមប្រតិបត្តិការឡើងវិញជាផ្លូវការហើយកាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយមានមនុស្ស ៥០នាក់ត្រូវបានគេរំពឹងថានឹងចាកចេញពីតំបន់ហ្គាហ្សា និង ៥០នាក់ផ្សេងទៀតនឹងត្រឡប់មកវិញ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អេហ្ស៊ីប។
សារព័ត៌មាន Al-Qahera បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមជនជាតិប៉ាឡេស្ទីនដំបូងមួយក្រុមបានទៅដល់ច្រកឆ្លងកាត់នេះ។
ផ្នែកប៉ាឡេស្ទីននៃច្រកឆ្លងកាត់រ៉ាហ្វា បានចាប់ផ្តើមដំណើរការសាកល្បងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីត្រូវបានបិទទាំងស្រុងអស់រយៈពេលជាង ១៨ខែដោយសារតែការរឹតបន្តឹងរបស់អ៊ីស្រាអែល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនប្រហែល ៥០នាក់ត្រូវបានគេរំពឹងថានឹងចូលទៅក្នុងតំបន់ហ្គាហ្សា ខណៈដែលអ្នកជំងឺចំនួន ១៥០នាក់ និងដៃគូរបស់ពួកគេត្រូវបានគេរំពឹងថានឹងចាកចេញពីតំបន់នោះដើម្បីទៅព្យាបាលនៅអេហ្ស៊ីប។ មន្ត្រីសុខាភិបាលតំបន់ហ្គាហ្សា បានប៉ាន់ប្រមាណថា អ្នកជំងឺប្រហែល ២២.០០០នាក់កំពុងរង់ចាំច្រកឆ្លងកាត់នេះបើកឡើងវិញទាំងស្រុង។
អ៊ីស្រាអែលបានគ្រប់គ្រងផ្នែកប៉ាឡេស្ទីននៃច្រកឆ្លងកាត់រ៉ាហ្វាចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤ មក ក្នុងអំឡុងពេលយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





