លោក ស្សូគូ ៖ លោកខាងលិចចង់បំផ្លាញសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិន ប៉ុន្តែវានឹងបរាជ័យ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោក ស៊ែរហ្គេយ ស្សូគូ (Sergei Shoigu) លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា លោកខាងលិចចង់សាបព្រោះភាពមិនចុះសម្រុងគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិន ប៉ុន្តែវានឹងមិនទទួលបានជោគជ័យនោះទេ។
នៅពេលមុននេះបន្តិច លោក ស្សូគូ បានទៅដល់ប្រទេសចិន ដើម្បីចូលរួមពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាយ អ៊ី (Wang Yi)។
មន្ត្រីរូបនោះបានបន្ថែមថា ប្រទេសលោកខាងលិចបានធ្វើឱ្យវាក្លាយជាច្បាប់មួយ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពរបស់ពួកគេដោយការគំរាមកំហែងពីប្រទេសរុស្ស៊ី និងចិន។
លោក ស្សូគូ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំចិន លោក ស៊ី ជីនភីង (Xi Jinping) រក្សាការសន្ទនាយ៉ាងសកម្ម ហើយនឹងបន្តវាជាប្រចាំនៅក្នុងឆ្នាំនេះ។
លោក ស្សូគូ ក៏បាននិយាយផងដែរថា កិច្ចពិភាក្សារបស់លោកជាមួយលោក វ៉ាង គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយក្នុងអំឡុងពេលនោះ ពួកគេបានពិភាក្សាអំពីកាលវិភាគនៃការទំនាក់ទំនង រួមទាំងនៅកម្រិតខ្ពស់បំផុត។
សេចក្តីថ្លែងការណ៍បានបន្ថែមថា កិច្ចពិភាក្សានោះក៏បានផ្តោតសំខាន់ទៅលើការវិវត្តនៅក្នុងតំបន់ផ្សេងៗនៃពិភពលោក ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ទាំងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





