ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី៖ អង្គការ OPEC+ កត់សម្គាល់ពីភាពប្រែប្រួលខ្ពស់លើទីផ្សារប្រេង ចំពេលដែលមានហានិភ័យភូមិសាស្ត្រនយោបាយ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ដឺរ ណូរ៉ាក់ (Alexander Novak) បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យរដ្ឋមន្ត្រីរួមនៃអង្គការ OPEC+ (JMMC) ថា ប្រទេសជាសមាជិកអង្គការ OPEC+ បានកត់សម្គាល់ពីការប្រែប្រួលទីផ្សារប្រេងខ្ពស់ ចំពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលបណ្តាលមកពីការវិវត្តជុំវិញប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ង់។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya-24 ថា «វាត្រូវបានកត់សម្គាល់នៅថ្ងៃនេះថា ទីផ្សារត្រូវបានកំណត់លក្ខណៈដោយការប្រែប្រួលខ្ពស់ និងភាពមិនប្រាកដប្រជាដែលភ្ជាប់ជាមួយកត្តាភូមិសាស្ត្រនយោបាយ ជាដំបូងជាមួយនឹងអ្វីដែលបានកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា និងហានិភ័យដែលភ្ជាប់ជាមួយអ៊ីរ៉ង់។ យ៉ាងណាមិញ ទាំងនេះ គឺជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសនាំចេញប្រេងឈានមុខគេ និងជាសមាជិកអង្គការ OPEC»។
កត្តាមួយទៀត នៅក្នុងពាក្យរបស់លោក គឺហានិភ័យនៃការបិទច្រកសមុទ្រ Hormuz។ លោកបានបន្ថែមថា «ដូចដែលយើងដឹងហើយថា ស្ថានភាពនៅច្រកសមុទ្រ Hormuz ក៏មានភាពតានតឹងផងដែរ។ ប្រេងប្រហែល ៣០% របស់ពិភពលោកត្រូវបានដឹកជញ្ជូនតាមផ្លូវនេះ ដែលមានចំនួន ១៣% នៃចរាចរណ៍ផ្លូវសមុទ្រ»។
នៅមុននេះបន្តិច ប្រទេសចំនួនប្រាំបីរបស់អង្គការ OPEC+ គឺអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានព្រមព្រៀងផ្អាកការបង្កើនផលិតកម្មនៅក្នុងខែមីនា ឆ្នាំ២០២៦ និងរក្សាកូតាផលិតកម្មប្រេងនៅកម្រិតខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំ JMMC ក៏បានវាយតម្លៃទិន្នន័យផលិតកម្មប្រេងរបស់សម្ព័ន្ធមិត្តសម្រាប់ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ ផងដែរ ដោយបានកត់សម្គាល់ពីការអនុលោមតាមកិច្ចព្រមព្រៀង OPEC+ ហើយវាបានណែនាំថា គោលនយោបាយផលិតកម្មប្រេងនៅតែមិនផ្លាស់ប្តូរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





