អាហ្វហ្គានីស្ថាននឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- អាហ្វហ្គានីស្ថាន គឺជារដ្ឋសង្កេតការណ៍នៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ហើយទីក្រុងកាប៊ុលចាត់ទុកថាវាសមស្របក្នុងការបន្តការចូលរួមយ៉ាងសកម្មនៅក្នុងការងាររបស់ខ្លួនឡើងវិញ។ នេះបើយោងតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំប្រទេសរុស្ស៊ី លោក ហ្គូល ហាស់សាន់ (Gul Hassan) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានតាសស៍ (TASS)។
អ្នកការទូតរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ជាលើកដំបូងរបស់លោកក្នុងនាមជាប្រធានបេសកកម្មការទូតនៅទីក្រុងម៉ូស្គូថា «បាទ! អាហ្វហ្គានីស្ថាន គឺជារដ្ឋសង្កេតការណ៍នៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ ហើយស្របតាមតួនាទីនេះ យើងគួរតែចូលរួមក្នុងកិច្ចប្រជុំផ្សេងៗរបស់ខ្លួន»។
ដូច្នេះ យោងតាមឯកអគ្គរដ្ឋទូតរូបនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង រដ្ឋសមាជិកភាគច្រើនរបស់អង្គការបានឈានដល់ការសន្និដ្ឋានថា វាអាចសម្រេចបានក្នុងការស្តារការចូលរួមយ៉ាងសកម្មរបស់អាហ្វហ្គានីស្ថាននៅក្នុងការងាររបស់អង្គការ SCO។
លោកបានបន្ថែមថា «យើងក៏ពឹងផ្អែកលើការចូលរួមរបស់អាហ្វហ្គានីស្ថាននៅក្នុងកិច្ចប្រជុំនាពេលខាងមុខរបស់អង្គការផងដែរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





