ឥណ្ឌាបង្ហាញថវិកាសម្រាប់សារពើពន្ធឆ្នាំ២០២៦-២៧
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោកស្រី នៀម៉ាឡា ស៊ីថារ៉ាម៉ាន់ (Nirmala Sitharaman) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា បានបង្ហាញថវិការបស់ប្រទេសសម្រាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦-២០២៧ កាលពីថ្ងៃអាទិត្យ ដោយមានការចំណាយសរុបប្រមាណ ៥៣,៥ទ្រីលានរូពីឥណ្ឌា (ប្រហែល ៥៨៣,៤៩ប៊ីលានដុល្លារអាម៉េរិក) និងចំណូលមិនមែនបំណុលចំនួន ៣៦,៥ទ្រីលានរូពីឥណ្ឌា។
យោងតាមសំណើថវិកា ចំណូលពន្ធសុទ្ធរបស់ប្រទេសសម្រាប់ហិរញ្ញវត្ថុឆ្នាំបន្ទាប់ (ខែមេសា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៧) ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៨,៧ទ្រីលានរូពីឥណ្ឌា។
លោកស្រី ស៊ីថារ៉ាម៉ាន់ បានមានប្រសាសន៍ថា ប្រាក់កម្ចីទីផ្សារសរុបត្រូវបានព្យាករថាមានចំនួន ១៧,២ទ្រីលានរូពីឥណ្ឌា ជាមួយនឹងការខ្ចីប្រាក់ទីផ្សារសុទ្ធពីមូលបត្រដែលមានកាលបរិច្ឆេទប៉ាន់ស្មានថាមានចំនួន ១១,៧ទ្រីលានរូពីឥណ្ឌា។
នៅក្នុងសុន្ទរកថារបស់លោកស្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក៏បានប្រកាសផងដែរថា ការប៉ាន់ប្រមាណដែលបានកែសម្រួលនៃចំណូលមិនមែនបំណុលមានចំនួន ៣៤ទ្រីលានរូពីឥណ្ឌា ដែលក្នុងនោះចំណូលពន្ធសុទ្ធរបស់រដ្ឋាភិបាលសហព័ន្ធមានចំនួន ២៦,៧ទ្រីលានរូពីឥណ្ឌា។
លោកស្រីបានប្រកាសបន្ថែមទៀតថា ការប៉ាន់ប្រមាណដែលបានកែសម្រួលនៃការចំណាយសរុបគឺ ៤៩,៦ទ្រីលានរូពីឥណ្ឌា ជាមួយនឹងការចំណាយមូលធនប្រហែល ១១ទ្រីលានរូពីឥណ្ឌា។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងហិរញ្ញវត្ថុសហព័ន្ធ បានឱ្យដឹងថា ឱនភាពសារពើពន្ធសម្រាប់ឆ្នាំ២០២៦-២៧ ត្រូវបានប៉ាន់ប្រមាណថាមាន ៤,៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ខណៈដែលសមាមាត្របំណុលទៅនឹង GDP ត្រូវបានព្យាករថាមាន ៥៥,៦% សម្រាប់ឆ្នាំ២០២៦-២៧ ធ្លាក់ចុះពី ៥៦,១% នៃ GDP ក្នុងឆ្នាំ ២០២៥-២៦៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





