ប្រធានាធិបតីអ៊ុយរូហ្គាយមកដល់ទីក្រុងប៉េកាំងសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោក យ៉ាម៉ាន់ឌូ អរស៊ី (Yamandu Orsi) ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ុយរូហ្គាយ បានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ។
នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកប្រធានាធិបតី អរស៊ី មកកាន់ប្រទេសចិន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងជួបពិភាក្សាជាមួយលោកដើម្បីផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអ៊ុយរូហ្គាយ ពិភាក្សាពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់ និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយពីមុនថា ភាគីចិនសង្ឃឹម និងជឿជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីទាំងពីរ ដំណើរទស្សនកិច្ចនេះនឹងដើរតួនាទីវិជ្ជមានក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





