មីយ៉ាន់ម៉ា៖ លទ្ធផលបោះឆ្នោតបញ្ជាក់ពីជ័យជម្នះរបស់គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- គណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) នៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាលពីចុងសប្តាហ៍មុនថា គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) បានឈ្នះអាសនៈភាគច្រើននៅក្នុងសភាសហភាព។
តួលេខចុងក្រោយបំផុតពីគណៈកម្មការ UEC បានបង្ហាញថា គណបក្ស USDP ទទួលបានអាសនៈចំនួន២៣១ នៅក្នុងសភាជាន់ទាប (Pyithu Hluttaw) និងអាសនៈចំនួន១០៨ នៅក្នុងសភាជាន់ខ្ពស់ (Amyotha Hluttaw) សរុបចំនួន ៣៣៩អាសនៈ។
សភាសហភាពមានសភាពីរ ដែលមានអាសនៈសរុបចំនួន៦៦៤ ដោយក្នុងនោះ សភាជាន់ទាន Pyithu Hluttaw មានចំនួន ៤៤០អាសនៈ និងសភាជាន់ខ្ពស់ Amyotha Hluttaw មានចំនួន ២២៤អាសនៈ។
ការបោះឆ្នោតជាសកលនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានធ្វើឡើងជាបីដំណាក់កាល ដែលដំណាក់កាលទីមួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងឃុំចំនួន១០២ ហើយដំណាក់កាលទីពីរត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅក្នុងឃុំចំនួន១០០ និងដំណាក់កាលចុងក្រោយត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅក្នុងឃុំចំនួន៦១។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំចង្អៀងរដ្ឋមន្ត្រីអាស៊ាន នៅក្នុងប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានសម្តែងក្តីសង្ឃឹមរបស់លោកថា នេះនឹងជាការចាប់ផ្ដើមនៃការផ្លាស់ប្តូរជាមួយនឹងគោលដៅចុងក្រោយនៃដំណោះស្រាយប្រកបដោយចីរភាព។
នៅមួយថ្ងៃមុន រដ្ឋមន្ត្រីការបរទេសអាស៊ានបានរៀបចំកិច្ចប្រជុំរយៈពេលពីរម៉ោង ដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចខិតខំប្រឹងប្រែងរបស់ប្លុកដើម្បីបន្ធូរបន្ថយវិបត្តិនេះបានផ្តោតសំខាន់ទៅលើការឯកភាពគ្នាប្រាំចំណុច ដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២១៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





