ឥណ្ឌូណេស៊ី៖ អាកាសយានដ្ឋានកោះបាលីរឹតបន្តឹងការត្រួតពិនិត្យសុខភាព ចំពេលដែលមានការព្រួយបារម្ភអំពីមេរោគនីប៉ា
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- អាកាសយានដ្ឋានអន្តរជាតិ I Gusti Ngurah Rai នៅកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្កើនការត្រួតពិនិត្យសុខភាពសម្រាប់អ្នកដំណើរដែលទៅដល់កោះនេះ ដើម្បីជាការប្រុងប្រយ័ត្នប្រឆាំងនឹងការរីករាលដាលនៃមេរោគនីប៉ា (Nipah)។
ទីភ្នាក់ងារសារព័ត៌មានជាតិឥណ្ឌូណេស៊ី Antara បានរាយការណ៍ថា តំណាងទំនាក់ទំនងរបស់អាកាសយានដ្ឋាន គឺលោក ហ្គេដេ អេកា សេនឌី អាស្មាឌី (Gede Eka Sandi Asmadi) បាននិយាយកាលពីពេលថ្មីៗនេះថា បុគ្គលិកទាំងអស់ប្តេជ្ញាបង្កើនការត្រួតពិនិត្យរបស់ពួកគេយ៉ាងតឹងរ៉ឹង និងហ្មត់ចត់ ដើម្បីការពារការរីករាលដាលនៃមេរោគនេះ។
លោកបាននិយាយថា អាជ្ញាធរអាកាសយានដ្ឋានកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយការិយាល័យចត្តាឡីស័កសុខភាពរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តដំណើរការត្រួតពិនិត្យ។
លោក អាស្មាឌី បានបន្ថែមថា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ ឧបករណ៍ស្កេនកម្ដៅត្រូវបានដំឡើងនៅអាកាសយានដ្ឋាន រួមទាំងឧបករណ៍ពីរនៅស្ថានីយមកដល់អន្តរជាតិ ក៏ដូចជាឧបករណ៍មួយនៅស្ថានីយមកដល់ក្នុងស្រុក និងស្ថានីយ VIP។
លោកបាននិយាយថា «ប្រសិនបើអ្នកដំណើរដែលមានរោគសញ្ញាត្រូវបានរកឃើញ ការិយាល័យចត្តាឡីស័កនឹងបញ្ជូនពួកគេទៅមន្ទីរពេទ្យងោអេរ៉ា ក្នុងទីក្រុងឌែនប៉ាសា»។
លោកបានកត់សម្គាល់ថា ចរាចរណ៍អ្នកដំណើរនៅអាកាសយានដ្ឋានមានកម្រិតខ្ពស់នាពេលថ្មីៗនេះ ដោយមានអ្នកដំណើរជាមធ្យមចំនួន ៣៥.៣៥៨នាក់ជារៀងរាល់ថ្ងៃ។
អង្គការសុខភាពពិភពលោក និងភ្នាក់ងារសុខភាពផ្សេងៗទៀតបានបញ្ជាក់ថា មេរោគនីប៉ាអាចប៉ះពាល់ដល់សួត និងខួរក្បាល។ មេរោគនេះត្រូវបានចម្លងទៅមនុស្សតាមរយៈសត្វ ឬអាហារដែលមានមេរោគ។ រោគសញ្ញានៃការឆ្លងមេរោគនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ងងុយដេក ច្របូកច្របល់ និងសន្លប់ ដែលមានអត្រាមរណភាពលើសពី ៤០% ក្នុងចំណោមអ្នកជំងឺដែលបានឆ្លងមេរោគនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





