ម៉ាឡេស៊ីបង្ហាញគោលនយោបាយសន្តិសុខស្បៀងអាហារជាតិឆ្នាំ២០៣០
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ហ្វាឌីលឡា យូសូហ្វ (Fadillah Yusof) បានឱ្យដឹងថាគោលនយោបាយសន្តិសុខស្បៀងអាហារជាតិឆ្នាំ២០៣០ (DKMN 2030) ដែលទើបនឹងដាក់ឱ្យដំណើរការថ្មីរបស់ប្រទេសម៉ាឡេស៊ី មានបំណងបម្រើជាក្របខ័ណ្ឌសំខាន់របស់ប្រទេសសម្រាប់ពង្រឹងភាពធន់នៃការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលដែលមានការប្រែប្រួលអាកាសធាតុ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក។
ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការគោលនយោបាយនេះ លោក ហ្វាឌីលឡា បាននិយាយថា គំនិតផ្តួចផ្តើមនេះមិនមែនគ្រាន់តែជាឯកសារគោលនយោបាយនោះទេ ប៉ុន្តែជាទិសដៅយុទ្ធសាស្ត្រសម្រាប់របៀបវារៈសន្តិសុខស្បៀងអាហារជាតិរបស់ប្រទេសម៉ាឡេស៊ី។ លោកបានកត់សម្គាល់ថា ប្រព័ន្ធស្បៀងអាហារសកលលោកនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហា ដែលបណ្តាលមកពីព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ការផ្ទុះឡើងនៃសត្វល្អិត និងជំងឺ ជម្លោះភូមិសាស្ត្រនយោបាយ និងសម្ពាធការប្រើប្រាស់ដីធ្លីដែលទាំងអស់នេះបានរួមចំណែកដល់ការចំណាយលើការដឹកជញ្ជូនខ្ពស់និងការកើនឡើងនៃអតិផរណាស្បៀងអាហារនៅទូទាំងពិភពលោក។
លោក ហ្វាឌីលឡា បានព្រមានថា ការពឹងផ្អែកយ៉ាងខ្លាំងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ខាងក្រៅ បានបង្កើនភាពងាយរងគ្រោះរបស់ប្រទេសចំពោះវិបត្តិសេដ្ឋកិច្ចពិភពលោក ដោយលោកបានសង្កត់ធ្ងន់ថា ដូច្នេះ ប្រទេសម៉ាឡេស៊ីតម្រូវឱ្យមានគោលនយោបាយរយៈពេលវែង និងគ្រប់ជ្រុងជ្រោយដើម្បីធានាបាននូវភាពអាចរកបាននៃស្បៀងអាហារ ភាពគ្រប់គ្រាន់ និងនិរន្តរភាព។
បើទោះបីជាមានបរិយាកាសពិភពលោកដ៏លំបាកក៏ដោយ លោកបាននិយាយថា ស្ថានភាពសន្តិសុខស្បៀងអាហាររបស់ប្រទេសម៉ាឡេស៊ីនៅតែមានស្ថិរភាពល្អ ដោយមានសមាមាត្រគ្រប់គ្រាន់ដោយខ្លួនឯងខ្លាំងនៅក្នុងវិស័យសំខាន់ៗមួយចំនួន។ នៅក្នុងឆ្នាំ២០២៤ សាច់បសុបក្សី និងស៊ុតបានកត់ត្រាសមាមាត្រគ្រប់គ្រាន់ដោយខ្លួនឯង ដែលមានចំនួន ៩២,៩% និង១០៧% រៀងៗខ្លួន ខណៈដែលផ្លែឈើ និងបន្លែត្រូពិចក៏រក្សាបាននូវកម្រិតល្អផងដែរ បើទោះបីជាការផលិតអង្ករ និងទឹកដោះគោនៅតែស្ថិតក្នុងកម្រិតមធ្យមក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ លោក ហ្វាឌីលឡា បានព្រមានថាសមិទ្ធផលបច្ចុប្បន្នមិនអាចធានាសន្តិសុខនាពេលអនាគតបានទេ ដោយលោកបានកត់សម្គាល់ថា គោលនយោបាយ DKMN 2030 ត្រូវបានរចនាឡើងដើម្បីធានាអនាគតដល់វិស័យកសិកម្ម-ចំណីអាហារ តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ និងនវានុវត្តន៍។
ក្រោមគោលនយោបាយនេះ រដ្ឋាភិបាលម៉ាឡេស៊ីនឹងផ្តោតសំខាន់ទៅលើសសរស្តម្ភស្នូលចំនួនប្រាំ ដែលរួមមាន និរន្តរភាព និងភាពធន់សុខុមាលភាពកសិករ កំណើនសេដ្ឋកិច្ច សុវត្ថិភាព និងគុណភាពចំណីអាហារ និងការកាត់បន្ថយការបាត់បង់ និងកាកសំណល់ចំណីអាហារ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





