តួកគីចាប់ខ្លួនជនសង្ស័យ ១៧១នាក់ក្នុងការបង្ក្រាបការរត់ពន្ធជនអន្តោប្រវេសន៍
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អាលី យឺលីកាយ៉ា (Ali Yerlikaya) បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងអាវុធហត្ថរបស់ប្រទេសតួកគីបានឃាត់ខ្លួនជនសង្ស័យចំនួន ១៧១នាក់ដែលជាអ្នករៀបចំការរត់ពន្ធជនអន្តោប្រវេសន៍នៅក្នុងប្រតិបត្តិការសម្របសម្រួលទូទាំងប្រទេសក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។
លោក យឺលីកាយ៉ា បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា «ក្នុងប្រតិបត្តិការដែលធ្វើឡើងដោយកម្លាំងអាវុធហត្ថរបស់យើងទៅលើខេត្តចំនួន ២៦ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានចាប់ខ្លួនអ្នករៀបចំការរត់ពន្ធជនអន្តោប្រវេសន៍ចំនួន ១៧១នាក់»។
លោក យឺលីកាយ៉ា បាននិយាយថា អាជ្ញាធរក៏បានរឹបអូសយានយន្តចំនួន ៨៦គ្រឿង និងទូកចំនួន ៨គ្រឿងដែលគេជឿថាត្រូវបានប្រើប្រាស់ក្នុងការរត់ពន្ធផងដែរ។ នីតិវិធីតុលាការត្រូវបានដាក់ឱ្យដំណើរការប្រឆាំងនឹងជនសង្ស័យ ដោយមាន ៥៩នាក់ត្រូវបានចាប់ខ្លួនជាផ្លូវការ និង ២១នាក់ត្រូវបានដោះលែងក្រោមការត្រួតពិនិត្យរបស់តុលាការ។ នីតិវិធីផ្លូវច្បាប់សម្រាប់អ្នកជាប់ឃុំដែលនៅសល់កំពុងដំណើរការ។
ក្នុងនាមជាប្រទេសឆ្លងកាត់ និងជាប្រទេសគោលដៅដ៏សំខាន់មួយប្រទេសតួកគីបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកមិនប្រក្រតី និងរុះរើបណ្តាញរត់ពន្ធតាមបណ្តោយផ្លូវសំខាន់ៗចូលទៅក្នុងសហភាពអឺរ៉ុប៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





