ពាណិជ្ជកម្មសរុបរបស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើងពី ៣-៥% នៅឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- យោងតាមអនុរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ស៊ីម ហ្សេហ្ស៊ីន (Sim Tze Tzin) បានឱ្យដឹងថា ពាណិជ្ជកម្មសរុបរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងពី ៣% ទៅ ៥% នៅឆ្នាំ២០២៦ បន្ទាប់ពីឈានដល់កម្រិតខ្ពស់បំផុតគឺ ៣,០៦ ទ្រីលានរីងហ្គីត (៧៨០ប៊ីលានដុល្លារអាម៉េរិក) នៅឆ្នាំ២០២៥។
ទោះបីជាមានហានិភ័យសកលលោកដែលនៅសេសសល់ក៏ដោយលោក ស៊ីម បាននិយាយថា បន្ទាប់ពីការប្រកាសថ្មីៗនេះអំពីការអនុវត្តពាណិជ្ជកម្មឆ្នាំ២០២៥ របស់ប្រទេសម៉ាឡេស៊ី រដ្ឋាភិបាលមានសុទិដ្ឋិនិយមអំពីការសម្រេចបាននូវគោលដៅពាណិជ្ជកម្មនៅឆ្នាំ២០២៦។
ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា កត្តាដែលមិនបានមើលឃើញទុកជាមុនដូចជាកំណើនយឺតនៅក្នុងសេដ្ឋកិច្ចធំៗ ឬវិបត្តិសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗអាចធ្វើឱ្យកំណើនពាណិជ្ជកម្មធ្លាក់ចុះ។
នៅក្នុងសុន្ទរកថាមុនរបស់លោក លោក ស៊ីម បានគូសបញ្ជាក់ថាប្រទេសម៉ាឡេស៊ីត្រូវតែធ្វើពិពិធកម្មភាពជាដៃគូពាណិជ្ជកម្មរបស់ខ្លួនដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព។
លោកបានមានប្រសាសន៍ថា «ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មលើសពីទីផ្សារប្រពៃណី និងការបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយសេដ្ឋកិច្ចកំពុងរីកចម្រើននឹងកាត់បន្ថយការពឹងផ្អែកលើតំបន់ណាមួយ ដោយកាត់បន្ថយហានិភ័យដែលអាចកើតមាន»។ យោងតាមលោក សេដ្ឋកិច្ចនៃទីផ្សារកំពុងរីកចម្រើនមួយចំនួន ដូចជាទ្វីបអាហ្វ្រិក តំបន់មជ្ឈិមបូព៌ា និងអាមេរិកឡាទីន បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





