អ្នកការទូតជាន់ខ្ពស់ចិនជួបជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយលោក ចូណាថាន់ ប៉ូវែល (Jonathan Powell) ទីប្រឹក្សាសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) និងជានាយកការិយាល័យគណៈកម្មការកណ្តាលសម្រាប់កិច្ចការបរទេស បាននិយាយថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក កឺ ស្តារម័រ (Keir Starmer) មកកាន់ប្រទេសចិន គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសក្នុងរយៈពេលប្រាំបីឆ្នាំមកនេះ។
លោក វ៉ាង បានកត់សម្គាល់ថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ប្រទេសចិន និងចក្រភពអង់គ្លេស មានការទទួលខុសត្រូវយ៉ាងសំខាន់ចំពោះសន្តិភាព និងការអភិវឌ្ឍពិភពលោក។
លោក វ៉ាង បានមានប្រសាសន៍ថា ក្នុងចំណោមទេសភាពអន្តរជាតិដ៏ស្មុគស្មាញ និងងាយនឹងប្រែប្រួល ភាគីទាំងពីរគួរតែគោរពគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ពង្រឹងការសន្ទនា និងកិច្ចសហប្រតិបត្តិការ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងការពារប្រព័ន្ធអន្តរជាតិរួមគ្នាដោយអង្គការសហប្រជាជាតិជាស្នូល។
លោក ប៉ូវែល បានមានប្រសាសន៍ថា ប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក និងជាប្រទេសដែលមានឥទ្ធិពលដ៏សំខាន់មួយ។ លោកបានកត់សម្គាល់ថា អវត្តមាននៃការផ្លាស់ប្តូរកម្រិតកំពូលរវាងចក្រភពអង់គ្លេស និងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមិនមែនជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនោះទេ។
លោកបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសសង្ឃឹមថានឹងទាញយកអត្ថប្រយោជន៍ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ស្តារម័រ ដើម្បីបង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងគ្រប់វិស័យជាមួយប្រទេសចិន ព្រមទាំងដើម្បីអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីសង្វាក់គ្នានិងទូលំទូលាយជាងមុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម រួមទាំងវិបត្តិអ៊ុយក្រែនផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





