វៀតណាម និងសហភាពអឺរ៉ុប បង្កើនទំនាក់ទំនង ខណៈដែលពន្ធគយរបស់សហរដ្ឋអាមេរិកផ្លាស់ប្តូររូបរាងពាណិជ្ជកម្មសកលលោក
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- ប្រទេសវៀតណាម និងសហភាពអឺរ៉ុប បានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលជាកម្រិតការទូតខ្ពស់បំផុតរបស់វៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសទាំងពីរកំពុងកែសម្រួលពាណិជ្ជកម្មឡើងវិញ ចំពេលដែលមានការរំខានដល់ហិរញ្ញវត្ថុសកលលោក ដែលបង្កឡើងដោយសម្ពាធពន្ធគយរបស់សហរដ្ឋអាមេរិក។
ការធ្វើឱ្យប្រសើរឡើងនេះ បានដាក់សហភាពអឺរ៉ុបឱ្យស្ថិតនៅលើមូលដ្ឋានការទូតដូចគ្នានឹងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ហើយត្រូវបានប្រកាសក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អេនតូនីញ៉ូ កូស្តា (António Costa)។
លោក កូស្តា បាននិយាយថា «នៅពេលដែលសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិកំពុងស្ថិតនៅក្រោមការគំរាមកំហែងពីភាគីជាច្រើន យើងត្រូវឈរជាមួយគ្នាជាដៃគូដែលអាចទុកចិត្តបាន និងអាចទស្សន៍ទាយបាន»ដោយលោកបានបន្ថែមថា ភាពជាដៃគូនេះ គឺនិយាយអំពីការអភិវឌ្ឍវិស័យនៃវិបុលភាពរួមគ្នា។
លោក កូស្តា បានទៅដល់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាមបន្ទាប់ពីប្រទេសឥណ្ឌា និងសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជិតពីរទសវត្សរ៍។
លោក លួង កួង (Luong Cuong) ប្រធានាធិបតីវៀតណាម បានហៅចលនានេះថាជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ»។
ការប្រកាសនេះធ្វើឡើងមិនដល់មួយសប្តាហ៍ទេ បន្ទាប់ពីវៀតណាមបានជ្រើសរើសលោក តូ ឡាំ (To Lam) អគ្គលេខាធិការបក្សកុម្មុយនិស្ត ជាមេដឹកនាំកំពូលរបស់ប្រទេសនេះឡើងវិញ ដោយគាំទ្រដល់ចក្ខុវិស័យរបស់លោកអំពីកំណើនសេដ្ឋកិច្ច ដែលជំរុញដោយកំណែទម្រង់យ៉ាងសកម្ម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





