បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ៖ អ៊ីរ៉ង់នឹងឆ្លើយតបដូចដែលមិនធ្លាប់មានពីមុនមក ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- ប្រទេសអ៊ីរ៉ង់នឹងធ្វើការសងសឹកដែលមិនធ្លាប់មានពីមុនមកចំពោះការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក។ នេះជាការលើកឡើងរបស់បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
បេសកកម្មអ៊ីរ៉ង់នេះបានសរសេរនៅលើបណ្តាញសង្គមអ៊ិច រួមជាមួយនឹងរូបមួយសន្លឹកនៃការគំរាមកំហែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ត្រាំ នៅព្រឹកថ្ងៃពុធថា «កងនាវាចម្បាំងដ៏ធំសម្បើមកំពុងធ្វើដំណើរឆ្ពោះទៅកាន់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ហើយអ៊ីរ៉ង់នឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាដែលមិនធ្លាប់មានពីមុនមក»។
បេសកកម្មអ៊ីរ៉ង់ដែលព្រមានប្រឆាំងនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកនេះ ក៏បានសំដៅទៅលើការស្លាប់ និងការចំណាយរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមពីរលើកកន្លងមករបស់ខ្លួនផងដែរ។
បេសកកម្មនេះបាននិយាយថា «កាលពីលើកមុន សហរដ្ឋអាមេរិកបានប្រព្រឹត្តខុសក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ដោយបានខ្ជះខ្ជាយថវិកាជាង ៧ទ្រីលានដុល្លារអាម៉េរិក និងបានធ្វើឱ្យបាត់បង់ជីវិតជនជាតិអាម៉េរិកជាង ៧.០០០នាក់»។
លោក ត្រាំ បានបន្តការគំរាមកំហែងវាយប្រហារអ៊ីរ៉ង់ ដោយបាននិយាយថា «ពេលវេលាជិតអស់ហើយ» ដើម្បីធ្វើកិច្ចព្រមព្រៀងលើអាវុធនុយក្លេអ៊ែរ។
លោកបានបន្ថែមថា «ដូចដែលខ្ញុំបានប្រាប់អ៊ីរ៉ង់ម្តងរួចមកហើយថា ចូរធ្វើកិច្ចព្រមព្រៀង! ពួកគេមិនបានធ្វើទេ ហើយមានប្រតិបត្តិការ Midnight Hammer ទៀត ដែលជាការបំផ្លិចបំផ្លាញដ៏សំខាន់មួយទៅលើអ៊ីរ៉ង់។ការវាយប្រហារបន្ទាប់នឹងកាន់តែអាក្រក់ទៅៗ!»។
លោក ត្រាំ បានទុកជម្រើសនៃសកម្មភាពយោធាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ម្តងហើយម្តងទៀត បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងសង្គ្រាមរយៈពេល១២ថ្ងៃរបស់អ៊ីស្រាអែលកាលពីក្នុងខែមិថុនា ដែលមានគោលបំណងធ្វើឱ្យកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ចុះខ្សោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





