លោក ស្តារម័រ អំពាវនាវឱ្យចក្រភពអង់គ្លេសមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ក្នុងអំឡុងពេលនៃគ្រាលំបាកនេះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- មេដឹកនាំចិន និងចក្រភពអង់គ្លេស បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសទាំងពីរកំពុងព្យាយាមកែលម្អទំនាក់ទំនង បន្ទាប់ពីមានភាពខ្វែងគំនិតគ្នាអស់រយៈពេលជាច្រើនឆ្នាំ។
លោក កឺ ស្តារម័រ (Keir Starmer) ដែលជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកនេះ បានជួបពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនភីង (Xi Jinping) នៅក្នុងសាលប្រជុំធំរបស់ប្រជាជននៅកណ្តាលទីក្រុងប៉េកាំង។ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនបន្ទាប់ពីកិច្ចពិភាក្សា។
លោក ស្តារម័រ ដែលបានក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនៅក្នុងខែកក្កដា ឆ្នាំ២០២៤ កំពុងព្យាយាមពង្រីកឱកាសសម្រាប់ក្រុមហ៊ុនអង់គ្លេស នៅពេលដែលសេដ្ឋកិច្ចក្នុងស្រុកមានល្បឿនយឺត។នាយកប្រតិបត្តិអាជីវកម្មកំពូលៗជាង ៥០នាក់ បានចូលរួមជាមួយលោកក្នុងដំណើរទស្សនកិច្ចនេះ រួមជាមួយនឹងថ្នាក់ដឹកនាំនៃអង្គការវប្បធម៌មួយចំនួន។
មេដឹកនាំចក្រភពអង់គ្លេសរូបនេះ បានជួបជាមួយលោក ចាវ ឡេជី (Zhao Leji) ប្រធានសភានីតិបញ្ញត្តិចិន គឺសភាប្រជាជនជាតិ។
ទំនាក់ទំនងរបស់ភាគីទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពចារកម្មរបស់ចិននៅចក្រភពអង់គ្លេស ការគាំទ្ររបស់ចិនចំពោះរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន និងការបង្ក្រាបសេរីភាពនៅហុងកុង ដែលជាអតីតអាណានិគមអង់គ្លេស ដែលត្រូវបានប្រគល់ជូនប្រទេសចិនវិញនៅក្នុងឆ្នាំ១៩៩៧។
ការរំខានដល់ពាណិជ្ជកម្មសកលលោកក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើឱ្យការពង្រីកពាណិជ្ជកម្ម និងការវិនិយោគកាន់តែចាំបាច់សម្រាប់រដ្ឋាភិបាលជាច្រើន។ លោក ស្តារម័រ គឺជាមេដឹកនាំទីបួនរបស់សម្ព័ន្ធមិត្តអាម៉េរិកដែលបានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅក្នុងខែនេះ បន្ទាប់ពីកូរ៉េខាងត្បូង កាណាដា និងហ្វាំងឡង់ ហើយអធិការបតីអាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែក្រោយ៕





