រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ មិនអាចជំនួសអង្គការសហប្រជាជាតិបានទេ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- លោក ចូ ហ៊ីយន់ (Cho Hyun) រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលត្រូវបានគេសន្មត់ថាមានគោលបំណងដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សានោះ មិនអាចជំនួសអង្គការសហប្រជាជាតិបានទេ។
ការកត់សម្គាល់របស់អ្នកការទូតកំពូលរូបនេះ បានធ្វើឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងថ្លឹងថ្លែងចំពោះការសម្រេចចិត្តថា តើត្រូវទទួលយកការអញ្ជើញឱ្យចូលរួមក្នុងក្រុមអន្តរជាតិដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោននេះដែរឬអត់ ដោយរដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួនបានទទួលការអញ្ជើញនេះកាលពីសប្តាហ៍មុន។
លោក ចូ បាននិយាយនៅក្នុងវេទិកាមួយដែលរៀបចំឡើងដោយក្លឹបក្វាន់ហ៊ុន (Kwanhun) ដែលជាសមាគមអ្នកកាសែតជាន់ខ្ពស់ថា «បើទោះបីជាអង្គការសហប្រជាជាតិក្លាយជាខ្វិនក៏ដោយ ក៏វាមិនអាចជំនួសបានដែរ (ដោយក្រុមប្រឹក្សាសន្តិភាព)។ អង្គការសហប្រជាជាតិនឹងបន្តដូចដើម។នៅពេលដែលពេលវេលាមកដល់ ខ្លួននឹងអនុវត្តតួនាទីដែលត្រូវបានប្រគល់ឱ្យខ្លួន»។
លោក ចូ បាននិយាយថា នៅមិនទាន់មានសេចក្តីសម្រេចណាមួយត្រូវបានធ្វើឡើងនៅឡើយទេថា តើទីក្រុងសេអ៊ូលនឹងចូលរួមក្នុងគំនិតផ្តួចផ្តើមនេះឬអត់ ដោយលោកបានបន្ថែមថា ការអញ្ជើញនេះបានមកដល់ «ភ្លាមៗ»ហើយឥឡូវនេះកំពុងស្ថិតក្រោមការពិនិត្យ។
អ្នកការទូតកំពូលរូបនេះបានសម្តែងការគាំទ្រចំពោះគោលបំណងសន្តិភាពដ៏ទូលំទូលាយរបស់លោក ត្រាំ។ លោកបាននិយាយថា «បើទោះបីជាយើងមិនចុះហត្ថលេខាចូលរួមភ្លាមៗក៏ដោយ ក៏យើងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់សន្តិភាពអន្តរជាតិ»។
លោក ត្រាំ បានបង្កើតក្រុមប្រឹក្សាសន្តិភាពជាផ្លូវការកាលពីសប្តាហ៍មុននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសរបស់ប្រទេសស្វីសដោយបង្ហាញថា វិសាលភាពរបស់វាអាចពង្រីកហួសពីជម្លោះនៅហ្គាហ្សា។ការអញ្ជើញត្រូវបានគេជឿថា ត្រូវបានផ្ញើទៅកាន់ប្រទេសប្រហែល៦០ បើទោះបីជាសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុបបានបដិសេធ ឬបង្ហាញពីការស្ទាក់ស្ទើរក្នុងការចូលរួមក៏ដោយ ហើយលោក ត្រាំ បានលុបចោលការអញ្ជើញរបស់ប្រទេសកាណាដា៕





