អារ៉ាប៊ីសាអូឌីតនឹងបដិសេធមិនឱ្យប្រើប្រាស់ដែនអាកាសសម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ទេ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ទីក្រុងរីយ៉ាដបានធានាដល់ទីក្រុងតេអេរ៉ង់ថាខ្លួននឹងមិនអនុញ្ញាតឱ្យដែនអាកាស និងទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។
សារព័ត៌មាន SPA បាននិយាយកាលពីពេលថ្មីៗនេះថា ព្រះអង្គម្ចាស់រាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីនសាល់ម៉ាន់ (Mohammed bin Salman) បានពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន (Masoud Pezeshkian) តាមទូរស័ព្ទ។
ព្រះអង្គម្ចាស់រាជទាយាទបានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្អែកលើការគោរពអធិបតេយ្យភាពរបស់អ៊ីរ៉ង់ដោយព្រះអង្គបានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រនេះនឹងមិនអនុញ្ញាតឱ្យដែនអាកាស ឬទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឡើយ។
សារព័ត៌មាន News Nation បានរាយការណ៍កាលពីដើមខែនេះដោយដកស្រង់ប្រភពព័ត៌មានថា ប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអូម៉ង់បានបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) ឱ្យជៀសវាងការវាយប្រហារលើអ៊ីរ៉ង់។ បណ្តារដ្ឋក្នុងឈូងសមុទ្រទាំងនេះបានជំរុញឱ្យលោក ត្រាំ «ផ្តល់ឱកាសឱ្យអ៊ីរ៉ង់»។
ការតវ៉ាដំបូងឡើយបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីចុងខែធ្នូឆ្នាំ២០២៥ ចំពេលដែលមានការព្រួយបារម្ភអំពីអតិផរណា ដែលបណ្តាលមកពីការធ្លាក់ចុះនៃរូបិយប័ណ្ណជាតិ គឺប្រាក់រៀល។ បាតុកម្មកាន់តែខ្លាំងឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីការអំពាវនាវពីលោក រ៉េហ្សា ផាឡាវី (Reza Pahlavi) ដែលជាកូនប្រុសរបស់ស្តេចសាហ៍នៃប្រទេសអ៊ីរ៉ង់ ដែលត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងឆ្នាំ១៩៧៩។ នៅថ្ងៃដដែលនោះ ការចូលប្រើប្រាស់អ៊ីនធឺណិតត្រូវបានបិទនៅទូទាំងប្រទេស។ នៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ការតវ៉ាបានកើនឡើងទៅជាការប៉ះទង្គិចជាមួយប៉ូលិសខណៈដែលក្រុមបាតុករបានស្រែកពាក្យស្លោករិះគន់រដ្ឋាភិបាល។ មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសក្នុងចំណោមកងកម្លាំងសន្តិសុខ និងក្រុមអ្នកតវ៉ា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





