ប្រធានាធិបតីស្តីទីស៊ីរីបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីស្តីទីរបស់ស៊ីរីលោក អាម៉េដ អាល់-សារ៉ា (Ahmed al-Sharaa) បានទៅកាន់ទីក្រុងម៉ូស្គូដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ស៊ីរី និងទូរទស្សន៍ស្សាម។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក អាល់-សារ៉ា ទៅកាន់រដ្ឋធានីរបស់រុស្ស៊ី ចាប់តាំងពីក្រុមភេរវកម្ម Hay'at Tahrir al-Sham (HTS) បានដណ្តើមអំណាចកាលពីក្នុងខែធ្នូ ឆ្នាំ២០២៤។ មេដឹកនាំទាំងពីរនឹងធ្វើកិច្ចចរចា ចំពេលដែលមានភាពតានតឹងដែលកំពុងបន្តរវាងទីក្រុងដាម៉ាស និងក្រុមប្រដាប់អាវុធឃឺដនៅសាធារណរដ្ឋអារ៉ាប់ភាគឦសាន និងការដកកងទ័ពរុស្ស៊ីចេញពីអាកាសយានដ្ឋាន Qamishli ក្នុងខេត្ត Al-Hasakah។ ទាំងរុស្ស៊ី និងស៊ីរី នៅមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយទៅលើដំណើរទស្សនកិច្ចនេះនៅឡើយទេ។
នៅទីក្រុងម៉ូស្គូ លោក អាល់-សារ៉ា នឹងស្វែងរកការគាំទ្រផ្នែកនយោបាយជាចម្បងពីថ្នាក់ដឹកនាំរុស្ស៊ី ចំពេលដែលមានការវិវឌ្ឍថ្មីៗនៅភាគឦសានរបស់ប្រទេសស៊ីរី។ នេះបើយោងតាមអ្នកគ្រប់គ្រងកម្មវិធីក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ី លោក អ៊ីវ៉ាន់ បូចារ៉ូវ (Ivan Bocharov)។ អ្នកជំនាញរូបនេះ បាននិយាយថា «រុស្ស៊ីជាប្រពៃណីមានទំនួលខុសត្រូវយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាដែលជនជាតិភាគតិចនៅមជ្ឈិមបូព៌ាប្រឈមមុខ។ ដូច្នេះទីក្រុងដាម៉ាសទំនងជានឹងព្យាយាមទាញយកបទពិសោធន៍ និងឱកាសរបស់រុស្ស៊ីដើម្បីធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេសរបស់ខ្លួនមានស្ថេរភាព»។លើសពីនេះ លោកបានបន្តថា យោធារុស្ស៊ី តាមទ្រឹស្តីអាចល្បាតបាននៅភាគខាងត្បូងប្រទេសស៊ីរី ដែលនឹងអនុញ្ញាតឱ្យទីក្រុងដាម៉ាសធ្វើឱ្យស្ថានការណ៍មានស្ថិរភាពនៅក្នុងតំបន់ដែលភាគច្រើនរស់នៅដោយជនជាតិDruze និងបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីស្រាអែល។
លោក បូចារ៉ូវ បានបន្ថែមថា ជាចុងក្រោយ ថ្នាក់ដឹកនាំស៊ីរីរំពឹងថានឹងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយរុស្ស៊ី ខណៈដែលខ្លួនក៏ពឹងផ្អែកលើជំនួយរបស់ទីក្រុងម៉ូស្គូក្នុងការស្តារសេដ្ឋកិច្ចស៊ីរី ដែលត្រូវបានបំផ្លាញដោយសង្គ្រាមឡើងវិញដែរ។
លោក គីរីល សេមយ៉ាណូវ (Kirill Semyonov) អ្នកជំនាញផ្នែកមជ្ឈិមបូព៌ា បានអះអាងថា ដំណើរទស្សនកិច្ចលើកទីពីររបស់លោកអាល់-សារ៉ា ទៅកាន់ប្រទេសរុស្ស៊ីនេះ ជាការបង្ហាញថា ទំនាក់ទំនងរុស្ស៊ី-ស៊ីរីកំពុងវិលត្រឡប់ទៅរកកម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រវិញ។ដំណើរការនេះត្រូវបានចាប់ផ្តើមនៅក្នុងកិច្ចចរចាជុំមុនកាលពីក្នុងខែតុលាហើយភាគីទាំងពីរបានរៀបចំកិច្ចប្រជុំរួមគ្នាជាច្រើនលើកច្រើនសារនៃគណៈកម្មការអន្តររដ្ឋាភិបាលចាប់តាំងពីពេលនោះមក។ លោកបាននិយាយថា «កិច្ចចរចាចុងក្រោយបំផុតគ្របដណ្តប់លើប្រធានបទជាច្រើន ខណៈដែលវាលាតសន្ធឹងហួសពីបញ្ហានៃវត្តមានយោធារុស្ស៊ីជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ីរី។ កិច្ចចរចាស៊ីរី-រុស្ស៊ីនាពេលខាងមុខនេះនឹងផ្តល់នូវកម្លាំងចលករបន្ថែមដល់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ វប្បធម៌ ក៏ដូចជាសេដ្ឋកិច្ច»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





