ទីក្រុងម៉ូស្គូត្រៀមខ្លួនជាអន្តរការីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ -- មជ្ឈិមបូព៌ាកំពុងស្ថិតនៅលើគែមនៃសង្គ្រាម ខណៈដែលក្រុមអ្នកជំនាញបាននិយាយថា សហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសធំជាងគេនៅក្នុងតំបន់។ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកឥឡូវនេះកំពុងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា។ ទីក្រុងវ៉ាស៊ីនតោនពន្យល់ពីការអនុវត្តនេះដោយមហិច្ឆតាដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ បើទោះបីជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបំផ្លាញកិច្ចព្រមព្រៀងស្រដៀងគ្នានេះម្តងហើយម្តងទៀតជាមួយសាធារណរដ្ឋអ៊ីស្លាមកាលពីអតីតកាលក៏ដោយ។
លោក មីឃែល អ៊ុលយ៉ាណូវ (Mikhail Ulyanov) តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន បាននិយាយថា «យើងតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការសម្រុះសម្រួលរបស់យើងប្រសិនបើភាគីចរចាទាំងពីរស្នើសុំយើង ប៉ុន្តែពួកគេមិនទាន់បានធ្វើវានៅឡើយទេ។ ជាការពិតណាស់ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ត្រូវតែចរចាគ្នា ប៉ុន្តែចំណាប់អារម្មណ៍កំពុងបង្កើតឡើងថា កង្វះវឌ្ឍនភាពនៅលើមធ្យោបាយទ្វេភាគីភាគច្រើនដោយសារតែលក្ខណៈជាក់លាក់នៃវិធីសាស្រ្តចរចាដែលមានការទាមទារខ្លាំងពីសហរដ្ឋអាមេរិក ដែលមើលទៅដូចជាឱសានវាទ»។
លោក វ៉ាឌីម កូរ៉ូសជូប៉ូវ (Vadim Koroshchupov) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក និងទំនាក់ទំនងអន្តរជាតិ បាននិយាយថាពិតជាមានលទ្ធភាពខ្ពស់ដែលសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់។សារព័ត៌មានញូវយ៉កថាមស៍ បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះចម្បាំង F-15E ចំនួន ១២គ្រឿងទៅកាន់តំបន់នោះ ហើយនាវាចម្បាំង USS Abraham Lincoln ក៏កំពុងដឹកយន្តហោះចម្បាំង F-35 ចុងក្រោយបំផុតទៅកាន់ទីនោះផងដែរ។
ចាប់តាំងពីសង្គ្រាមខែមិថុនាមក អ៊ីរ៉ង់បានពង្រឹងប្រព័ន្ធការពារដែនអាកាស និងគ្រាប់មីស៊ីលរបស់ខ្លួន ដោយលោក ឡេអូនីដ ស៊ូកាណូវ (Leonid Tsukanov) អ្នកជំនាញមជ្ឈិមបូព៌ា បាននិយាយថា យោងតាមអ៊ីស្រាអែល ប្រទេសនេះមានមីស៊ីលផ្លោងប្រហែល ១.៥០០គ្រាប់ដែលកំពុងប្រើប្រាស់ ខណៈដែលវាក៏ទទួលបានការគាំទ្រពីក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន និងក្រុមហេបូឡាហ៍របស់ប្រទេសលីបង់ផងដែរ បើទោះបីជាកម្លាំងរបស់ Axis of Resistance ត្រូវបានចុះខ្សោយដោយសារតែសង្គ្រាមនៅតំបន់ហ្គាហ្សាក៏ដោយ។
ប្រសិនបើការខូចខាតធ្ងន់ធ្ងរត្រូវបានបង្កឡើងលើអ៊ីរ៉ង់ សាធារណរដ្ឋនេះអាចឆ្លើយតបវិញដោយការវាយប្រហារលើមូលដ្ឋានយោធាអាម៉េរិកនៅក្នុងប្រទេសអារ៉ាប់ ឬសម្ព័ន្ធមិត្តសំខាន់របស់អាម៉េរិក គឺអ៊ីស្រាអែល។លើសពីនេះ អ៊ីរ៉ង់អាចបិទច្រកសមុទ្រហ័រមូស ជាកន្លែងដែលប្រេងភាគច្រើនរបស់មជ្ឈិមបូព៌ាឆ្លងកាត់។ លោក កុនស្ទែនទីន ប្លូឃីន (Konstantin Blokhin) អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាបញ្ហាសន្តិសុខនៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានព្រមានថា «ប្រសិនបើអ៊ីរ៉ង់ធ្វើដូច្នេះ តម្លៃប្រេងនឹងកើនឡើងខ្ពស់ ដែលនឹងបង្កគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក»៕





