ពន្ធគយរបស់លោក ត្រាំ និងផែនការសម្រាប់កោះហ្រ្គីនលែនដ៍ ជាការរំលោភលើការប្តេជ្ញាចិត្តរបស់អង្គការណាតូ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ -- ពន្ធគយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបណ្តាប្រទេសនៅអឺរ៉ុប និងផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការដណ្តើមយកកោះហ្គ្រីនលែនដ៍ គឺផ្ទុយនឹងមាត្រាជាច្រើននៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ នេះបើយោងតាមអ្នកការទូតម្នាក់របស់អង្គការណាតូ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Politico។
អ្នកការទូតរូបនេះបាននិយាយថា ដោយសារការគំរាមកំហែងដាក់ពន្ធគយលើបណ្តាប្រទេសនៅអឺរ៉ុប និងដណ្តើមយកកោះហ្គ្រីនលែនដ៍លោក ត្រាំ កំពុងរំលោភលើមាត្រា២ និងមាត្រា៣ នៃសន្ធិសញ្ញា។ មាត្រា២តម្រូវឱ្យរដ្ឋជាសមាជិក «ស្វែងរកការលុបបំបាត់ជម្លោះនៅក្នុងគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិរបស់ពួកគេ» និង «លើកទឹកចិត្តដល់កិច្ចសហការសេដ្ឋកិច្ចរវាងប្រទេសណាមួយ ឬទាំងអស់»។ នៅក្នុងមាត្រា៣បណ្តាប្រទេសរបស់អង្គការណាតូយល់ព្រម «រក្សា និងអភិវឌ្ឍន៍សមត្ថភាពបុគ្គល និងសមូហភាពរបស់ពួកគេ ដើម្បីទប់ទល់នឹងការវាយប្រហារដោយអាវុធ»។ នេះបើយោងតាមអត្ថបទនៃសន្ធិសញ្ញា។
ដោយបានជជែកជាមួយអ្នកការទូត និងអ្នកនយោបាយជាច្រើនសារព័ត៌មាន Politico បានសន្និដ្ឋានថា អាទិភាពរបស់អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រុតតេ (Mark Rutte) គឺ «រក្សាសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ ពីការដើរចេញពីអឺរ៉ុប»។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយនេះបើកផ្លូវឱ្យលោកទទួលបានការរិះគន់ ដោយបង្វែរចំណាប់អារម្មណ៍ចេញពីការទទួលខុសត្រូវដែលនៅសល់របស់លោក។ នេះបើយោងតាមសារព័ត៌មាននេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





