ក្រសួងការពារជាតិ និងទីភ្នាក់ងារអវកាស ពិភាក្សាគ្នាពង្រីកកិច្ចសហប្រតិបត្តិការអវកាស
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធក្រសួងការពារជាតិបានយល់ព្រមជាមួយទីភ្នាក់ងារអវកាសជាតិ គឺរដ្ឋបាលអវកាសកូរ៉េ (KASA) ដើម្បីសហការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃកន្លែងបាញ់បង្ហោះអវកាស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសមត្ថភាពបាញ់បង្ហោះអវកាសការពារជាតិ។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចប្រជុំកម្រិតការងាររវាងស្ថាប័នទាំងពីរ ដែលបានធ្វើឡើងស្របតាមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០២៤ របស់ក្រសួងការពារជាតិ និងវិទ្យាសាស្ត្រ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មអវកាស។
ភាគីទាំងពីរបានយល់ព្រមសហការក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់កន្លែងបាញ់បង្ហោះយានអវកាស និងពង្រីកការប្រើប្រាស់រ៉ុក្កែតអវកាសក្នុងស្រុក ដូចជារ៉ុក្កែត Nuri ដើម្បីជួយលើកកម្ពស់ឧស្សាហកម្មអវកាសក្នុងស្រុក។
លើសពីនេះ ទីភ្នាក់ងារទាំងពីរបានពិភាក្សាអំពីវិធីដើម្បីបង្កើតកិច្ចសហការរវាងឯកជន និងយោធាសម្រាប់ការអភិវឌ្ឍអវកាស ក៏ដូចជាពង្រីកការចូលទៅប្រើប្រាស់ព័ត៌មានផ្កាយរណបនៅទូទាំងរដ្ឋាភិបាល និងឧស្សាហកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





