កូរ៉េខាងជើងសាកល្បងប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ដែលមានទំហំធំ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃពុធថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) បានធ្វើការសាកល្បងបាញ់សាកល្បងមួយកាលពីថ្ងៃអង្គារ ដើម្បីផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ដែលមានទំហំធំ ដោយមានមេដឹកនាំកំពូលរបស់ប្រទេសលោក គីម ជុងអ៊ុន (Kim Jong Un) ត្រួតពិនិត្យក្នុងព្រឹត្តិការណ៍នេះ។
ទីភ្នាក់ងារ KCNA បាននិយាយថា រ៉ុក្កែតចំនួន ៤គ្រាប់ត្រូវបានបាញ់សាកល្បងក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នោះ ដោយបាញ់ចំគោលដៅមួយនៅក្នុងសមុទ្រចម្ងាយ ៣៥៨,៥គីឡូម៉ែត្រពីចំណុចបាញ់បង្ហោះ។
ទីភ្នាក់ងារ KCNA បានបន្ថែមថា ដោយបង្ហាញពីការពេញចិត្តនឹងលទ្ធផលនៃការសាកល្បង លោក គីម អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ (WPK) និងជាប្រធានកិច្ចការរដ្ឋនៃ DPRK បាននិយាយថា សមាជលើកទី៩របស់គណបក្ស WPK «នឹងបញ្ជាក់ពីផែនការដំណាក់កាលបន្ទាប់សម្រាប់ការពង្រឹងបន្ថែមទៀតនូវការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ប្រទេស» ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





