គិរីវង់ ISI ទ័ព និងឡាយហ្វ ឈ្នះគូប្រជែងរៀងៗខ្លួន ជើងទី១ វគ្គ១៦ក្រុមថ្នាក់ជាតិ ពានសម្តេចតេជោ ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦--ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ១៦ក្រុមថ្នាក់ជាតិ បានរកឃើញលទ្ធផល ៤ប្រកួតបន្ថែម ដូចជាក្រុមគិរីវង់សុខសែនជ័យ ISIដង្កោសែនជ័យ ក្រុមទ័ព និងក្រុមឡាយហ្វខេត្តព្រះសីហនុ ដែលបានយកឈ្នះលើគូប្រជែងរៀងៗខ្លួន នៅជើងទី១ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

លទ្ធផល៤ប្រកួតនេះ រួមមាន៖ ម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមភ្ញៀវ អង្គរថាយហ្គឺរ ២-០, ម្ចាស់ផ្ទះ MOI កំពង់ដេវ៉ា ប្រកួតចាញ់ ISI ដង្កោសែនជ័យ ២-៣, ម្ចាស់ផ្ទះឡើងពីថ្នាក់ខេត្ត ក្រុមមន្ទីរអប់រំខេត្តកំពង់ចាម ចាញ់ក្រុមទ័ព ០-៤ ខណៈក្រុមម្ចាស់ផ្ទះ ឡាយហ្វខេត្តព្រះសីហនុ បានយកឈ្នះណាហ្គាវើលដ៍ ១-០។ ចំពោះការប្រកួត នៅជើងទី២ គ្រោងនឹងធ្វើឡើង នាថ្ងៃទី០៤ ខែកុម្ភៈ ចំនួន ៣ប្រកួត និងនៅថ្ងៃទី១១ ខែកុម្ភៈមាន៥ប្រកួត ដើម្បីកាត់សេចក្តីស្វែងរកក្រុមជ័យលាភី៨ក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ ថ្នាក់ជាតិ។ នេះបើយោងតាមកម្មវិធីប្រកួតដែលកំណត់បង្ហាញដោយគណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)។

គួរបញ្ជាក់ថា គូប្រកួតទាំង៨គូត្រូវប្រកួតជាមួយគ្នាចំនួន២ជើង (ផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់) ដោយក្រុមចាញ់ៗនឹងធ្លាក់ចេញពីការប្រកួតតែម្តង ខណៈក្រុមឈ្នះៗនឹងឡើងទៅប្រកួតនៅវគ្គបន្ត រហូតដល់រកឃើញក្រុមខ្លាំងៗ៤ក្រុមចុងក្រោយ ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រចាំរដូវកាល ២០២៥-២០២៦ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខតែម្តង៕

ដោយ ហេង ណាលីន (រូបភាព៖ CNCC)





