សមាជិកសភាជាន់ខ្ពស់ចិនជួបជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ -- លោក ហ្សៅ ឡេជី (Zhao Leji) សមាជិកសភាជាន់ខ្ពស់របស់ប្រទេសចិន បានជួបជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក ផេទើរី អរប៉ូ (Petteri Orpo) កាលពីថ្ងៃអង្គារ នៅទីក្រុងប៉េកាំង។
លោក ហ្សៅ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ(NPC) បាននិយាយថា ប្រទេសហ្វាំងឡង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដំបូងគេដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសទាំងពីរតែងតែចុះសម្រុងគ្នាយ៉ាងល្អក្នុងស្មារតីនៃការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
លោកបានមានប្រសាសន៍ថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់ការឯកភាពគ្នាដ៏សំខាន់លើការពង្រឹងភាពជាដៃគូសហប្រតិបត្តិការប្រភេទថ្មីដែលផ្តោតលើអនាគតរបស់ពួកគេកាលពីឆ្នាំ២០២៤។
លោក ហ្សៅ បានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសហ្វាំងឡង់ ដើម្បីបង្កើនទំនុកចិត្តគ្នាខាងផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងពង្រីកការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនទៅប្រជាជនដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងទ្វេភាគី។
លោកបានបន្ថែមថា គណៈកម្មាធិការ NPC មានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយសភាហ្វាំងឡង់ ដើម្បីសម្រួលដល់ការរៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមកក្នុងវិស័យច្បាប់ ការត្រួតពិនិត្យនិងការគ្រប់គ្រងរដ្ឋ និងផ្តល់ការធានាផ្នែកច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ។
ដោយកត់សម្គាល់ថា ទំនាក់ទំនងហ្វាំងឡង់-ចិន ទទួលបានការអភិវឌ្ឍយូរអង្វែង និងមានស្ថិរភាព លោក អរប៉ូ បាននិយាយថា ប្រទេសហ្វាំងឡង់គាំទ្រគោលនយោបាយចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្មនិងនវានុវត្តន៍ ព្រមទាំងពង្រឹងការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





