សិង្ហបុរីសង្កត់ធ្ងន់ទៅលើតួនាទីនៃសមាហរណកម្មក្នុងគោលនយោបាយអន្តោប្រវេសន៍
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ -- លោក ជេហ្វ្រេយ ស៊ីវ (Jeffrey Siow) រដ្ឋមន្ត្រីស្តីទីក្រសួងដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរី បានកត់សម្គាល់ថា ប្រទេសសិង្ហបុរីត្រូវការធ្វើសមាហរណកម្មជនបរទេសឱ្យកាន់តែប្រសើរឡើង ដើម្បីរក្សាភាពបើកចំហចំពោះអន្តោប្រវេសន៍ ដែលជារឿងសំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះឱ្យនៅតែមានភាពស្វាហាប់។
ថ្លែងនៅក្នុងសន្និសីទទស្សនៈសិង្ហបុរី ដែលរៀបចំឡើងដោយវិទ្យាស្ថានសិក្សាគោលនយោបាយ (IPS) កាលពីពេលថ្មីៗនេះ លោក ស៊ីវបានគូសបញ្ជាក់អំពីតម្រូវការកាន់តែខ្លាំងឡើងសម្រាប់អន្តោប្រវេសន៍ ចំពេលដែលមានការព្រួយបារម្ភអំពីការពិតនៃប្រជាសាស្ត្រ។ អត្រាមានកូនសរុប (TFR) របស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុត គឺ ០,៩៧ក្នុងឆ្នាំ២០២៤ ដែលលោកបានកំណត់លក្ខណៈថាជារឿងមួយដ៏អាក្រក់។
លោកបានចង្អុលបង្ហាញថា អន្តោប្រវេសន៍អាចទៅបានលុះត្រាតែការធ្វើសមាហរណកម្មអនុញ្ញាត ហើយប្រទេសនេះអាចនៅតែបើកចំហ និងស្វាគមន៍ចំពោះអ្នកចំណូលថ្មីបាន លុះត្រាតែវាអាចធ្វើសមាហរណកម្មពួកគេបានល្អ។
យោងតាមលោករដ្ឋមន្ត្រីស្តីទី បានឱ្យដឹងថា គ្រប់ភាគីទាំងអស់នឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតទៅលើរឿងនេះ ដោយអ្នកចំណូលថ្មីត្រូវតែចង់ធ្វើសមាហរណកម្មដោយមនសិការ ចូលរួមចំណែកដល់សហគមន៍ គោរពតាមបទដ្ឋាននៅទីនេះ និងយល់ពីអត្ថន័យនៃការធ្វើជាជនជាតិសិង្ហបុរី។ ក្នុងពេលជាមួយគ្នានេះ អ្នកស្រុកក្នុងតំបន់ត្រូវរក្សាចិត្តបើកចំហ ទទួលស្គាល់ថាអត្តសញ្ញាណជាតិបន្តវិវត្ត និងទទួលយកថា ការសម្របខ្លួនដោយជនអន្តោប្រវេសន៍ត្រូវការពេលវេលា។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាក្រុម ស្តីពីការដោះស្រាយបញ្ហាប្រឈមនានាចំពោះភាពស៊ីសង្វាក់គ្នាក្នុងសង្គម លោក ស៊ីវ ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាន់ខ្ពស់ផងដែរនោះ បានសង្កេតឃើញថា អត្តសញ្ញាណជាតិរបស់ប្រទេសសិង្ហបុរីមានភាពស្មុគស្មាញ និងវិវត្តឥតឈប់ឈរ ដូច្នេះហើយទាមទារឱ្យមានការថែទាំ និងការគ្រប់គ្រងដោយប្រុងប្រយ័ត្ន។
លោកបានគូសបញ្ជាក់ថា ការរក្សាភាពស៊ីសង្វាក់គ្នាក្នុងសង្គម គឺជាកិច្ចការដែលកំពុងបន្ត។ ទោះបីជាប្រទេសសិង្ហបុរីជាប្រទេសវ័យក្មេងមួយដែលត្រូវបានកសាងឡើងដោយអន្តោប្រវេសន៍ក៏ដោយ ក៏ប្រទេសសិង្ហបុរីនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការលើកកម្ពស់ការឯកភាព។ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលរបស់ខ្លួនបានអនុវត្តគោលនយោបាយផ្សេងៗដើម្បីកសាងអត្តសញ្ញាណជាតិរួម រួមទាំងគោលនយោបាយសមាហរណកម្មជនជាតិភាគតិចរបស់ក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





