មូលនិធិរូបិយវត្ថុអន្តរជាតិដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីដល់ ៥,១% សម្រាប់ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ -- មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបង្កើនទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី ដោយព្យាករណ៍ថា ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងមានកំណើនសេដ្ឋកិច្ចដល់ ៥,១% នៅក្នុងឆ្នាំ២០២៦។
ការព្យាករណ៍ដែលបានកែសម្រួលនេះ គឺខ្ពស់ជាងការប៉ាន់ស្មាន៤,៩% ដែលចេញផ្សាយដោយមូលនិធិ IMF កាលពីក្នុងខែតុលាឆ្នាំមុន។
យោងតាមការពិគ្រោះយោបល់មាត្រា IV របស់ក្រុមប្រឹក្សាប្រតិបត្តិមូលនិធិ IMF សេដ្ឋកិច្ចឥណ្ឌូណេស៊ីបានបង្ហាញពីភាពធន់ក្នុងចំណោមផលប៉ះពាល់អវិជ្ជមាន។ កំណើនត្រូវបានគេរំពឹងថានឹងនៅតែមានស្ថេរភាពនៅកម្រិត ៥,០% នៅក្នុងឆ្នាំ២០២៥ និង ៥,១% នៅក្នុងឆ្នាំ២០២៦ បើទោះបីជាមានបរិយាកាសខាងក្រៅដ៏លំបាកក៏ដោយ ដែលឆ្លុះបញ្ចាំងពីការគាំទ្រពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ។
នាយកប្រតិបត្តិមូលនិធិ IMF បានស្វាគមន៍ចំពោះភាពធន់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី និងកំណត់ត្រានៃគោលនយោបាយប្រុងប្រយ័ត្ន បើទោះបីជាមានបញ្ហាប្រឈមពីខាងក្រៅក៏ដោយ។ ដោយបានកត់សម្គាល់ពីហានិភ័យអវិជ្ជមានពីភាពមិនប្រាកដប្រជានៅទូទាំងពិភពលោក ពួកគេបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាភាពជឿជាក់នៃគោលនយោបាយយូរអង្វែង ការការពារលំហគោលនយោបាយនិងការពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីធានាបាននូវកំណើនរឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន។
ធនាគារកណ្តាល BI របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថាការវាយតម្លៃរបស់មូលធិនិ IMF គឺស្របតាមទស្សនវិស័យក្នុងស្រុករបស់ប្រទេស។ ធនាគារ BI បានព្យាករណ៍ថា GDP របស់ប្រទេសនឹងកើនឡើងប្រហែល ៥,៣% ក្នុងឆ្នាំ២០២៦ ដែលគាំទ្រដោយការប្រើប្រាស់កាន់តែខ្លាំងនិងការវិនិយោគកើនឡើង៕





