សិង្ហបុរីពិចារណាបន្តការនាំចូលសត្វជ្រូករស់ពីឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ -- អាជ្ញាធរសិង្ហបុរីកំពុងសម្លឹងមើលចំពោះការបន្តការនាំចូលសត្វជ្រូករស់ពីកោះពូឡូប៊ូឡាន់ របស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីត្រូវបានផ្អាកកាលពីក្នុងខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីការរកឃើញជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកនៅក្នុងការដឹកជញ្ជូនជ្រូកពីកោះនេះ។
នេះ គឺជាផ្នែកមួយនៃផែនការដែលកំពុងដំណើរការដោយទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) ដើម្បីធ្វើពិពិធកម្មប្រភពអាហារដែលមានសុវត្ថិភាពសម្រាប់ប្រទេសជាតិ។
ទីភ្នាក់ងារ SFA និងសេវាសត្វ និងពេទ្យសត្វ ដែលជាក្រុមការងារមួយនៃក្រុមប្រឹក្សាឧទ្យានជាតិ កំពុងធ្វើការជាមួយអគ្គនាយកដ្ឋានសេវាសត្វ និងសុខភាពសត្វរបស់ប្រទេសឥណ្ឌូណេស៊ី ស្តីពីការបន្តការនាំចូលសត្វជ្រូកពីកោះពូឡូប៊ូឡាន់។
នៅក្នុងឆ្នាំ២០២៤ ប្រភពសាច់ជ្រូកសំខាន់ៗសម្រាប់ទីផ្សារសិង្ហបុរី គឺប្រទេសអូស្ត្រាលី ប្រេស៊ីល និងអាល្លឺម៉ង់។ នេះបើយោងតាមទីភ្នាក់ងារ SFA។ ប្រទេសម៉ាឡេស៊ី ជាពិសេសរដ្ឋសារ៉ាវ៉ាក់ គឺជាប្រភពតែមួយគត់នៃការនាំចូលសត្វជ្រូករស់របស់ប្រទេសសិង្ហបុរី។ សត្វទាំងនោះត្រូវបានសម្លាប់នៅសិង្ហបុរី ហើយលក់ជាសាច់ជ្រូកត្រជាក់។
ប្រទេសសិង្ហបុរីក៏នាំចូលសាច់ជ្រូកត្រជាក់ពីប្រទេសអូស្ត្រាលី និងកាណាដាផងដែរ និងសាច់ជ្រូកកកមកពីប្រទេសប្រេស៊ីល សហរដ្ឋអាមេរិកអេស្ប៉ាញ និងចិនជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





