អ៊ីស្រាអែលយល់ព្រមបើកច្រកឆ្លងកាត់រ៉ាហ្វាឡើងវិញដោយមានការកម្រិត
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ -- ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានយល់ព្រមចំពោះការបើកច្រកឆ្លងកាត់រ៉ាហ្វា (Rafah) ឡើងវិញដោយមានការកម្រិត ដែលជាផ្នែកមួយនៃផែនការសន្តិភាព ២០ចំណុចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់តំបន់ហ្គាហ្សា។
ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅលើបណ្តាញសង្គមអ៊ិចរបស់អាម៉េរិកថា «វាជាផ្នែកមួយនៃផែនការ ២០ចំណុចរបស់លោកប្រធានាធិបតី ត្រាំ ដោយអ៊ីស្រាអែលបានយល់ព្រមចំពោះការបើកច្រកឆ្លងកាត់រ៉ាហ្វាឡើងវិញដោយមានការកម្រិតសម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ ដោយស្ថិតនៅក្រោមយន្តការត្រួតពិនិត្យពេញលេញរបស់អ៊ីស្រាអែល។ ការបើកច្រកឆ្លងកាត់ឡើងវិញនេះ ត្រូវបានកំណត់លក្ខខណ្ឌទៅលើការវិលត្រឡប់របស់ចំណាប់ខ្មាំងដែលនៅរស់ទាំងអស់និងកិច្ចខិតខំប្រឹងប្រែង ១០០% ដោយក្រុមហាម៉ាស ដើម្បីកំណត់ទីតាំង និងប្រគល់ចំណាប់ខ្មាំងដែលបានស្លាប់ទាំងអស់»។
វាបានកត់សម្គាល់ថា អ៊ីស្រាអែលនឹងបើកច្រកឆ្លងកាត់នេះនៅពេលដែលប្រតិបត្តិការស្វែងរកសាកសពទាហានអ៊ីស្រាអែល រ៉ាន់ ជីវីលី (Ran Gvili) ត្រូវបានបញ្ចប់។
អ៊ីស្រាអែលបានបិទផ្នែកប៉ាឡេស្ទីននៃច្រកឆ្លងកាត់រ៉ាហ្វាទាំងស្រុងចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ មក ដែលវាជាផ្នែកមួយនៃការវាយលុករយៈពេលពីរឆ្នាំរបស់ខ្លួនលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជាង៧១.៤០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីខែតុលាឆ្នាំ២០២៣។
ច្រកឆ្លងកាត់រ៉ាហ្វា ដែលភ្ជាប់តំបន់ហ្គាហ្សា និងអេហ្ស៊ីប ត្រូវបានគ្រោងនឹងបើកឡើងវិញនៅក្នុងខែតុលា ក្រោមដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមាននៅថ្ងៃទី១០ ខែតុលាប៉ុន្តែអ៊ីស្រាអែលមិនបានគោរពតាមទេ។
ចាប់តាំងពីដំណាក់កាលដំបូងនៃបទឈប់បាញ់មក ក្រុមប៉ាឡេស្ទីនបានដោះលែងជនរងគ្រោះអ៊ីស្រាអែលចំនួន ២០នាក់ដែលនៅរស់ និងបានប្រគល់សាកសពរបស់ជនរងគ្រោះចំនួន ២៧នាក់ផ្សេងទៀត ប៉ុន្តែសាកសពរបស់នាយទាហាន ជីវីលី នៅតែមិនទាន់រកឃើញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





