នាយករដ្ឋមន្ត្រីបារាំងពិចារណាចំពោះការរុះរើគណៈរដ្ឋមន្ត្រីឡើងវិញ បន្ទាប់ពីការអនុម័តថវិកា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ -- យោងតាមប្រភពព័ត៌មានដែលជិតស្និទ្ធនឹងការិយាល័យនាយករដ្ឋមន្ត្រីបារាំង បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី សេបាស្ទៀន ឡឺកូនូ (Sebastien Lecornu) បានដកស្រង់សម្តីកាលពីថ្ងៃអាទិត្យដែលបាននិយាយថា លោកកំពុងពិចារណាចំពោះការរុះរើគណៈរដ្ឋមន្ត្រីឡើងវិញ នៅពេលដែលថវិការដ្ឋឆ្នាំ២០២៦ ត្រូវបានអនុម័តជាស្ថាពរ។
ប្រភពមួយបាននិយាយថា «លោកនាយករដ្ឋមន្ត្រីកំពុងពិចារណាចំពោះការស្នើសុំការកែសម្រួលរដ្ឋាភិបាលទៅកាន់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីដំណើរការថវិកា ប្រសិនបើវាបញ្ចប់ដោយជោគជ័យ»។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោកស្រី ម៉ូដ ប្រេហ្គិន (Maud Bregeon) បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់ទៅលើការរាយការណ៍នេះទេ នៅពេលដែលត្រូវបានសួរនៅស្ថានីយ៍ទូរទស្សន៍ LCI ដោយលោកបានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចំពោះការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីស្ថិតនៅក្រោមអំណាចរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។
លោកស្រីបាននិយាយថា «ដោយសារដំណើរការថវិកាជិតដល់ទីបញ្ចប់ សកម្មភាពរបស់រដ្ឋាភិបាលមិនអាចត្រូវបានកំណត់ចំពោះការគ្រប់គ្រងកិច្ចការប្រចាំថ្ងៃបានទេ»។ លោកស្រីបាននិយាយដូចនេះដោយសំដៅទៅលើការជជែកដេញដោលនយោបាយនាពេលខាងមុខ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៧ និងអ្វីដែលលោកស្រីបានពិពណ៌នាថា ជាបញ្ហាប្រចាំថ្ងៃបន្ទាន់ដែលមិនអាចរង់ចាំបាន។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោកស្រី រ៉ាជីដា ដាទី (Rachida Dati) ដែលកំពុងឈរឈ្មោះជាអភិបាលក្រុងប៉ារីស បាននិយាយកាលពីចុងសប្តាហ៍មុនថា លោកស្រីមានគម្រោងចាកចេញពីរដ្ឋាភិបាលមុនយុទ្ធនាការបោះឆ្នោតក្រុង ដើម្បីផ្តោតសំខាន់ទៅលើការប្រកួតប្រជែងរបស់លោកស្រី។
សមាជិកគណៈរដ្ឋមន្ត្រីពីររូបទៀត គឺរដ្ឋមន្ត្រីក្រសួងកីឡា លោកស្រីម៉ារីណា ហ្វឺរ៉ារី (Marina Ferrari) និងរដ្ឋមន្ត្រីក្រសួងកិច្ចការជនបទ លោកមីឈែល ហ្វូនីញែរ (Michel Fournier) ក៏ជាបេក្ខភាពក្នុងការបោះឆ្នោតក្នុងស្រុកនាពេលខាងមុខ នៅតំបន់ Aix-les-Bains និងតំបន់ Vosges រៀងៗខ្លួនផងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ស្តេហ្វានី រីសត៍ (Stephanie Rist) គឺជាឥស្សរជនម្នាក់ទៀតដែលតំណែងរបស់លោកស្រីអាចនឹងមានបញ្ហា បន្ទាប់ពីបានចូលរួមក្នុងការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតសភា។ពីមុន លោកស្រីបាននិយាយថា លោកស្រីនឹងចុះចេញពីតំណែងប្រសិនបើលោកស្រីមិនអាចឈ្នះអាសនៈបាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





