លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើងអបអរសាទរដល់មេដឹកនាំវៀតណាម ដែលជាប់ឆ្នោតឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃចន្ទ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានអបអរសាទរដល់មេដឹកនាំវៀតណាម លោក តូ ឡឹម (To Lam) ចំពោះការបោះឆ្នោតជ្រើសរើសឡើងវិញជាប្រធានគណបក្សកាន់អំណាច ដោយលោកបានបង្ហាញទំនុកចិត្តថា កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងអភិវឌ្ឍលើគ្រប់វិស័យ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម បានផ្ញើសារនេះកាលពីថ្ងៃសុក្រ ហើយនៅថ្ងៃនោះដែលលោក ឡឹម អាយុ ៦៨ ឆ្នាំត្រូវបានជ្រើសតាំងឡើងវិញជាប្រមុខរដ្ឋសម្រាប់អាណត្តិប្រាំឆ្នាំនៅគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាចដោយពង្រីកតំណែងជាអ្នកដឹកនាំកំពូលរបស់លោក។
លោក គីម ត្រូវបានគេដកស្រង់សម្តីថា លោកបានប្រាប់លោក ឡឹមថា «ការទទួលយកភារកិច្ចសំខាន់របស់លោកជាអគ្គលេខាធិការគឺជាការបង្ហាញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅរបស់សមាជិកគណបក្សទាំងអស់របស់លោក និងប្រជាជនវៀតណាមមកលើរូបលោក»។
លោក គីម ក៏បានសំដៅទៅលើកិច្ចព្រមព្រៀងមួយដែលសម្រេចបានជាមួយលោក ឡឹម កាលពីឆ្នាំមុន ដោយបង្ហាញពី «ជំនឿថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រ និងប្រពៃណីយូរអង្វែង នឹងពង្រីក និងអភិវឌ្ឍយ៉ាងច្រើនលើគ្រប់វិស័យ»»។
លោក ឡឹម គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំរដ្ឋជាច្រើនដែលបានទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងកាលពីខែតុលា ឆ្នាំមុន ដើម្បីចូលរួមក្បួនដង្ហែរយោធាដែលប្រារព្ធខួបលើកទី៨០ នៃការបង្កើតគណបក្សកាន់អំណាចរបស់ខ្លួន។ លោក ឡឹម គឺជាមេដឹកនាំកំពូលវៀតណាមដំបូងគេដែលបានទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០០៧។
លោក គីម និងលោក ឡឹម បានធ្វើកិច្ចពិភាក្សាកំពូលនៅពេលនោះដោយយល់ព្រមពង្រីកការផ្លាស់ប្តូរកម្រិតកំពូល និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





