ស៊ីរី និងហ្ស៊កដានី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នដើម្បីជំរុញការផ្គត់ផ្គង់ថាមពល
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ -- អាជ្ញាធរស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃចន្ទ ប្រទេសហ្ស៊កដានីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសស៊ីរីតាមរយៈទឹកដីហ្ស៊កដានី។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការផ្លាស់ប្តូរនេះគឺជាជំហានដ៏សំខាន់មួយក្នុងការធានាប្រេងឥន្ធនៈសម្រាប់រោងចក្រថាមពល ធ្វើពិពិធកម្មប្រភពឧស្ម័ន និងធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីមានស្ថេរភាពនៅក្នុងប្រទេសស៊ីរី។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងដាម៉ាស់រវាងក្រុមហ៊ុនប្រេងកាតស៊ីរី និងក្រុមហ៊ុនថាមពលអគ្គិសនីជាតិរបស់ប្រទេសហ្ស៊កដានី ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែហ្ស៊កដានី លោក សាឡេហ៍ អាល់ ខារ៉ាប់សេហ៍ (Saleh Al Kharabsheh) និងសមភាគីស៊ីរី គឺលោក ម៉ូហាមម៉ាដ អាល់ បាសៀ (Mohammad al Bashir)។
ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសហ្ស៊កដានីនឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រហែល ៤លានម៉ែត្រគូប (១៤០លានហ្វីតគូប) ក្នុងមួយថ្ងៃដល់ប្រទេសស៊ីរីដើម្បីគាំទ្រដល់បណ្តាញអគ្គិសនីរបស់ប្រទេស។
មន្ត្រីហ្ស៊កដានីបាននិយាយថា ការដឹកជញ្ជូនឧស្ម័នបានចាប់ផ្តើមរួចហើយនៅថ្ងៃទី១ ខែមករា ក្នុងបរិមាណចន្លោះពី ៣០ ទៅ ៩០លានហ្វីតគូបក្នុងមួយថ្ងៃ។
កិច្ចព្រមព្រៀងនេះកើតឡើងខណៈពេលដែលអាជ្ញាធរស៊ីរីទើបតែបានអះអាងឡើងវិញនូវការគ្រប់គ្រងលើវាលប្រេង និងឧស្ម័នសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងជើង និងភាគខាងកើត បន្ទាប់ពីការរៀបចំសន្តិសុខជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





