អនុប្រធានាធិបតីចិនជួបជាមួយអគ្គលេខាធិការ OIC
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ -- លោក ហាន់ ហ្សេង (Han Zheng) អនុប្រធានាធិបតីចិន បានជួបជាមួយលោក ហ៊ីសសេអ៊ីន ប្រាហ៊ីម តាហា (Hissein Brahim Taha) អគ្គលេខាធិការអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។
លោក ហាន់ បាននិយាយថា អង្គការ OIC ដើរតួជាស្ពានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសអ៊ីស្លាម។ នៅឆ្នាំ២០២៤ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជូនតំណាងពិសេសមួយរូបទៅចូលរួមសម័យប្រជុំលើកទី១៥ នៃកិច្ចប្រជុំកំពូលអង្គការ OIC និងមានសារអបអរសាទរទៅកាន់សន្និសីទដែលបានជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អង្គការ OIC បន្ថែមទៀត។
លោក ហាន់ បាននិយាយថា ប្រទេសចិនពេញចិត្តចំពោះការសង្កត់ធ្ងន់របស់អង្គការ OIC លើទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ហើយលោកសង្ឃឹមថា ប្រទេសអ៊ីស្លាមនឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនលើបញ្ហាកោះតៃវ៉ាន់ បញ្ហាទាក់ទងនឹងខេត្តស៊ីនជាំង និងបញ្ហាផ្សេងទៀតទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។
ចំពោះលោក តាហា បាននិយាយថា អង្គការ OIC ពេញចិត្តដោយស្មោះចំពោះ លោក ស៊ី ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់ការណែនាំអំពីទំនាក់ទំនងមិត្តភាពដែលកាន់តែស៊ីជម្រៅរវាងប្រទេសចិននិងប្រទេសអ៊ីស្លាម។
លោក តាហា បាននិយាយថា អង្គការ OIC បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនលើគ្រប់វិស័យហើយនឹងបន្តផ្តល់ការគាំទ្រឥតឈប់ឈរដល់ប្រទេសចិនលើបញ្ហាកោះតៃវ៉ាន់ និងបញ្ហាទាក់ទងនឹងខេត្តស៊ីនជាំង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





