តង់ហ្សានី និងក្រុមហ៊ុន EACOP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ភូមិនានាតាមបណ្តោយច្រករបៀងបំពង់បង្ហូរប្រេង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ -- ទីភ្នាក់ងារថាមពលជនបទ(REA) នៃប្រទេសតង់ហ្សានី និងក្រុមហ៊ុនបំពង់បង្ហូរប្រេងឆៅអាហ្វ្រិកខាងកើត EACOP Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំ ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ភូមិ និងសហគមន៍តាមបណ្តោយផ្លូវបំពង់បង្ហូរប្រេងនៅក្នុងប្រទេសតង់ហ្សានី។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Dar es Salaam ដោយលោក ហាសសាន់ សៃឌី (Hassan Saidy) អគ្គនាយកទីភ្នាក់ងារ REA និងលោក ហ្គីលលូមេ ឌូលូត (Guillaume Dulout) នាយកគ្រប់គ្រងក្រុមហ៊ុន EACOP។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោក សៃឌី បានមានប្រសាសន៍ថាភាពជាដៃគូនេះនឹងធានាថាសហគមន៍តាមបណ្តោយច្រករបៀងបំពង់បង្ហូរប្រេងដែលលាតសន្ធឹងពីតំបន់ Kagera ដល់តំបន់ Tanga ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអគ្គិសនីដែលអាចទុកចិត្តបាន។
លោកបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះនឹងធ្វើឱ្យប្រសើរឡើងនូវសេវាសង្គមដូចជាសាលារៀន មណ្ឌលសុខភាព និងគម្រោងទឹក ហើយជំរុញសកម្មភាពផលិតភាព និងលើកកម្ពស់ការអភិវឌ្ឍអាជីវកម្មជនបទ។
លោក ឌូលូត បានសង្កត់ធ្ងន់ថា គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន EACOP ក្នុងការកែលម្អជីវភាពរស់នៅរបស់សហគមន៍តាមបណ្តោយផ្លូវបំពង់បង្ហូរប្រេង។ បំពង់បង្ហូរប្រេងឆៅឆ្លងកាត់តំបន់ចំនួន ៨ ឃុំចំនួន ២៧ និងភូមិចំនួន ២៣១ នៅក្នុងប្រទេសតង់ហ្សានី ដែលប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនជនបទរាប់ពាន់នាក់។
ក្រុមហ៊ុន EACOP កំពុងសាងសង់បំពង់បង្ហូរប្រេងឆៅនាំចេញប្រវែង១.៤៤៣គីឡូម៉ែត្រ ដើម្បីដឹកជញ្ជូនប្រេងឆៅរបស់ប្រទេសអ៊ូហ្គង់ដាពីតំបន់Kabaale-Hoima ទៅកាន់តំបន់ Chongoleani ជិតតំបន់ Tanga ក្នុងប្រទេសតង់ហ្សានីសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





