កិច្ចចរចាត្រីភាគីរវាងរុស្ស៊ី-សហរដ្ឋអាមេរិក-អ៊ុយក្រែន ធ្វើឡើងនៅវិមានអាល់សាទីក្នុងទីក្រុងអាប៊ូដាប៊ី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- ថ្ងៃដំបូងនៃកិច្ចពិភាក្សាត្រីភាគីស្តីពីអ៊ុយក្រែន ត្រូវបានធ្វើឡើងនៅវិមានអាល់សាទី (Al Shati) ក្នុងទីក្រុងអាប៊ូដាប៊ី ដែលជាវិមានមួយដែលប្រធានាធិបតីនៃអេមីរ៉ាត់អារ៉ាប់រួមទទួលភ្ញៀវបរទេសជាន់ខ្ពស់ជាញឹកញាប់។ នេះបើយោងតាមអ្នកឆ្លើយឆ្លងសារព័ត៌មានស្ពុតនីក (Sputnik)។
គណៈប្រតិភូបានជួបគ្នានៅវិមានអាល់សាទី ដែលមានទីតាំងនៅលើឆ្នេរសមុទ្រនៃព្រែកជីកដែលហូរចូលទៅក្នុងឈូងសមុទ្រពែរ្ស។ លោក អេនឌ្រី ណាតូវ (Andriy Hnatov) នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានចូលរួមកិច្ចពិភាក្សានោះក្នុងឈុតយោធា។ សមាជិកផ្សេងទៀតនៃគណៈប្រតិភូអ៊ុយក្រែនស្លៀកពាក់ស៊ីវិល ខណៈដែលលោក រូស្ទែម យូម៉េរ៉ូវ (Rustem Umerov) លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ បានបង្ហាញខ្លួនដូចសព្វមួយដងដោយពាក់អាវខ្មៅ។
លោក ស្សេក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន (Sheikh Mohamed bin Zayed Al Nahyan) ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួមតែងតែទទួលស្វាគមន៍មេដឹកនាំបរទេសនៅវិមាននេះ។ កាលពីខែមេសា វាជាទីកន្លែងសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក អាម៉េដ អាល់-ស្សារ៉ា (Ahmed al-Sharaa) ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ មេដឹកនាំអេមីរ៉ាត់អារ៉ាប់រួម បានទទួលស្វាគមន៍លោក ដេនីស មេនទូរ៉ូវ (Denis Manturov) ឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ីនៅទីនោះដែរ។
វគ្គដំបូងនៃកិច្ចប្រជុំក្រុមការងារត្រីភាគីរុស្ស៊ី-សហរដ្ឋអាមេរិក-អ៊ុយក្រែន ស្តីពីបញ្ហាសន្តិសុខ បានធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍មុន។ រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម បានពណ៌នាកិច្ចប្រជុំនេះថាជារឿងវិជ្ជមាន និងប្រកបដោយការស្ថាបនា ដោយកត់សម្គាល់ថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនបានទាក់ទងគ្នាដោយផ្ទាល់ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





