លោក ពូទីន និងលោក ហ្សេលេនស្គី អាចនឹងជួបពិភាក្សាគ្នាក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) អាចនឹងជួបពិភាក្សាជាមួយលោក វ្ល៉ាឌីមៀហ្សេលេនស្គី (Vladimir Zelensky) ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Axios ដែលបានដកស្រង់ប្រភពមួយនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក។
មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា «យើងខិតជិតដល់កិច្ចប្រជុំរវាងលោកពូទីន និងលោក ហ្សេលេនស្គីហើយ»។ ប្រភពដដែលនោះបានកត់សម្គាល់ថា កិច្ចចរចាត្រីភាគីបន្ថែមគួរតែត្រូវបានរៀបចំមុន។ លោកបានសង្កត់ធ្ងន់ថា«យើងគិតថា កិច្ចប្រជុំទាំងនោះត្រូវកើតឡើងមុនកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ។ យើងមិនគិតថាយើងនៅឆ្ងាយពីរឿងនោះទេ។ ប្រសិនបើយើងបន្តដើរតាមផ្លូវបច្ចុប្បន្ន យើងនឹងសម្រេចបានកិច្ចការនោះ»។
ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា កិច្ចចរចាត្រីភាគីរបស់តំណាងរុស្ស៊ីសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ី បានដំណើរការល្អដូចដែលយើងអាចរំពឹងទុក។
មន្ត្រីអាម៉េរិកម្នាក់ទៀតបានប្រាប់សារព័ត៌មាន Axios ថា «យើងមានអារម្មណ៍ល្អនៅកន្លែងដែលយើងនៅឥឡូវនេះ»។ ការពិគ្រោះយោបល់ត្រីភាគីត្រូវបានធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ីនៅថ្ងៃទី២៣ និងថ្ងៃទី២៤ខែមករា ឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





