សហរដ្ឋអាមេរិកមានគម្រោងពង្រឹងទំនុកចិត្តរវាងរុស្ស៊ី និងអឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- សារព័ត៌មាន Politico បានដកស្រង់សម្តីតំណាងរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិករំពឹងថានឹងសម្រេចបាននូវការពង្រឹងទំនុកចិត្តរវាងរុស្ស៊ី និងអឺរ៉ុបតាមរយៈការបន្ធូរបន្ថយភាពតានតឹង។
យោងតាមប្រភពបានប្រាប់សារព័ត៌មាននោះថា «ជាក់ស្តែង មិនមានទំនុកចិត្តច្រើននៅពេលនេះរវាងអឺរ៉ុប និងរុស្ស៊ីទេ ប៉ុន្តែយើងចង់បង្កើតក្របខ័ណ្ឌមួយដែលវាអាចចាប់ផ្តើមគំរូថ្មីមួយដែលអាចចាប់ផ្តើមកសាងទំនុកចិត្តដោយបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងពិតប្រាកដ»។
នៅក្នុងកិច្ចប្រជុំរបស់តំណាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែនដែលបានធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី ការយកចិត្តទុកដាក់ជាច្រើនត្រូវបានធ្វើឡើងចំពោះបញ្ហាសេដ្ឋកិច្ច និងការគ្រប់គ្រងទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye។ សារព័ត៌មាន Politico បានដកស្រង់សម្តីតំណាងរដ្ឋបាលសហរដ្ឋអាមេរិកថា «ភាគីទាំងពីរកំពុងចាប់ផ្តើមស្រមៃមើលទៅលើអ្វីដែលពួកគេអាចទទួលបានពីសន្តិភាព ដូចជាផែនការវិបុលភាពសម្រាប់អ៊ុយក្រែន និងឱកាសមួយចំនួនសម្រាប់រុស្ស៊ីក្នុងការធ្វើកិច្ចព្រមព្រៀងអាជីវកម្មជាមួយសហរដ្ឋអាមេរិកជាដើម»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





