ការយល់ដឹងអំពីប្រទេសចិនតាមរយៈរឿងព្រេងនិទានមួយដែលចែករំលែកដោយលោកប្រធានាធិបតី ស៊ី ជីនភីង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ីជីនភីង (Xi Jinping) បានទទួលយកសារតាំងពីឯកអគ្គរដ្ឋទូតថ្មីចំនួន ១៨រូបប្រចាំប្រទេសចិន នៅសាលប្រជុំប្រជាជនក្នុងទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ។ នៅក្នុងសុន្ទរកថាមួយ បន្ទាប់ពីពិធីនេះ លោក ស៊ី បានចែករំលែកអំពីរឿងរ៉ាវនិទានមួយ មានចំណងជើងថា «បុរសខ្វាក់ និងដំរី»។
លោក ស៊ី បាននិយាយថា «ប្រសិនបើបុរសខ្វាក់ម្នាក់ប៉ះជើងរបស់ដំរីគាត់ជឿថា ដំរីជាសសរស្តម្ភ ហើយប្រសិនបើគាត់ប៉ះពោះរបស់វា គាត់និយាយថាវាជាជញ្ជាំង។ ប៉ុន្តែតាមពិតទៅ ការពិពណ៌នាទាំងពីរមិនតំណាងឱ្យដំរីទាំងមូលទេ»។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិន គឺជាប្រទេសដែលមានការអភិវឌ្ឍមិនស្មើគ្នា និងភាពចម្រុះខាងវប្បធម៌ដ៏សម្បូរបែប។ លោកបានបន្ថែមថា «មានតែការបង្កើតរូបភាពពេញលេញ និងទូលំទូលាយប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចយល់អំពីប្រទេសចិនពិតប្រាកដបាន»។
ប្រទេសចិនមានផ្ទៃដីជាង ៩,៦លានគីឡូម៉ែត្រក្រឡា ដែលមានក្រុមជនជាតិចំនួន៥៦ និងប្រជាជនជាង ១,៤ប៊ីលាននាក់។ ដើម្បីយល់អំពីប្រទេសចិនពិតប្រាកដ គេមិនអាចមើលតែចំណុច ឬវិមាត្រតែមួយបានទេ។
តាមរយៈការចែករំលែករឿងព្រេងនិទាននេះ លោក ស៊ី បានលើកទឹកចិត្តដល់បណ្តាឯកអគ្គរដ្ឋទូតទាំងអស់ឱ្យធ្វើដំណើរយ៉ាងទូលំទូលាយទូទាំងប្រទេស ដោយហេតុនេះវានឹងជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសចិន និងពិភពលោកទាំងមូល។
ប្រទេសចិនសព្វថ្ងៃនេះកំពុងឆ្ពោះទៅមុខដោយភាពក្លាហាន និងការតាំងចិត្តនៅលើដំណើរថ្មីនៃទំនើបកម្មចិន។ អនុសាសន៍សម្រាប់ផែនការប្រាំឆ្នាំលើកទី១៥ គឺជាគំរូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ហើយនឹងបើកឱកាសជាច្រើនសម្រាប់ពិភពលោក។
លោក ស៊ី បាននិយាយថា ប្រទេសចិននឹងបើកទ្វាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងចាក់បញ្ចូលភាពប្រាកដប្រជា និងសន្ទុះថ្មីចូលទៅក្នុងពិភពលោកតាមរយៈការអភិវឌ្ឍដែលមានគុណភាពខ្ពស់របស់ខ្លួន ដើម្បីឱ្យប្រទេសនានាសម្រេចបាននូវការអភិវឌ្ឍរួម និងវិបុលភាពរួមគ្នា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





