ម៉ាឡេស៊ីដាក់ចេញគោលនយោបាយឧស្សាហកម្មការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីបានដាក់ឱ្យដំណើរការគោលនយោបាយឧស្សាហកម្មការពារជាតិ (NDIP) ដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើភាគីខាងក្រៅក្នុងបញ្ហាសន្តិសុខ និងការពារជាតិ និងកសាងឧស្សាហកម្មការពារជាតិក្នុងស្រុកដែលពឹងផ្អែកលើខ្លួនឯងប្រកបដោយចីរភាព និងភាពធន់។
ថ្លែងនៅក្នុងពិធីបើកឱ្យដំណើរការគោលនយោបាយ NDIP នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានសង្កត់ធ្ងន់ថា គោលនយោបាយឧស្សាហកម្មការពារជាតិថ្មីនេះ គឺស្របតាមតម្រូវការនៃសម័យកាល ហើយនឹងជួយដោះស្រាយការលំបាកដែលកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីជួបប្រទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
គោលនយោបាយ NDIP ត្រូវបានបង្កើតឡើងនៅលើសសរស្តម្ភសំខាន់ៗចំនួនបួន គឺពង្រឹងអភិបាលកិច្ច និងក្របខ័ណ្ឌស្ថាប័ន ការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យា ការបង្រួបបង្រួមប្រព័ន្ធអេកូឡូស៊ីការពារជាតិក្នុងស្រុកព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ និងការបង្កើនភាពប្រកួតប្រជែងជាសកលនៃឧស្សាហកម្មការពារជាតិរបស់ប្រទេសម៉ាឡេស៊ី។
នៅក្នុងពិធីនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក ម៉ូហាម៉េដ ខាលេដ ណូឌីន (Mohamed Khaled Nordin) បានកត់សម្គាល់ថាក្នុងចំណោមបរិយាកាសសន្តិសុខសកលោក ដែលកាន់តែស្មុគស្មាញ ផុយស្រួយ និងមិនស្ថិតស្ថេរ ប្រទេសម៉ាឡេស៊ីត្រូវបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ដោយពន្លឿនការអភិវឌ្ឍឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ខ្លួន។
លោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់គោលនយោបាយ NDIP គឺអាស្រ័យលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយមួយ ដែលរួមបញ្ចូលនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល កំណែទម្រង់គោលនយោបាយផ្គត់ផ្គង់សម្ភារៈការពារជាតិ ការផ្ទេរបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងការពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D)។
ក្នុងចំណោមកំណែទម្រង់សំខាន់ៗ ដែលបានគូសបញ្ជាក់ គឺការកំណត់ក្នុងស្រុកជាអប្បបរមា ៣០% សម្រាប់ការផ្គត់ផ្គង់សម្ភារៈការពារជាតិនីមួយៗបន្ថែមពីលើការអះអាងថា សកម្មភាពថែទាំ ជួសជុល និងជួសជុលឡើងវិញ(MRO) ទាំងអស់ត្រូវតែអនុវត្តដោយក្រុមហ៊ុនក្នុងស្រុក លើកលែងតែក្នុងអំឡុងពេលធានា ដែលអាចដោះស្រាយបានដោយក្រុមហ៊ុនផលិតឧបករណ៍ដើម (OEM) ប៉ុណ្ណោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





