ប្រធានចារកម្មតួកគីជួបជាមួយគណៈប្រតិភូក្រុមហាម៉ាស់នៅទីក្រុងអ៊ីស្តង់ប៊ុល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Anadolu បានឱ្យដឹងថា លោកអ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) នាយកអង្គការស៊ើបការណ៍សម្ងាត់ជាតិនៃប្រទេសតួកគី បានជួបជាមួយសមាជិកការិយាល័យនយោបាយក្រុមហាម៉ាស់ និងជាប្រធានអ្នកចរចា លោក ខាលីល អាល់ ហាយយ៉ា (Khalil al-Hayya) នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានព្រមព្រៀងធ្វើការរួមគ្នាលើការបង្កើនជំនួយមនុស្សធម៌ ការបើកច្រកព្រំដែនទីក្រុងរ៉ាហ្វាហ៍ទាំងពីរទិសដៅ និងការគាំទ្រគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីនដែលទើបបង្កើតថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAnadolu ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា គណៈប្រតិភូក្រុមហាម៉ាស់បានសម្តែងការដឹងគុណចំពោះប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីប អឺដូហ្គេន (Recep Tayyip Erdogan) ចំពោះការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសតួកគីដើម្បីធានាសន្តិភាពនៅតំបន់ហ្គាហ្សា។
រដ្ឋបាលលោក ត្រាំ កាលពីឆ្នាំមុនបានបង្ហាញផែនការសន្តិភាពបីដំណាក់កាលចំនួន ២០ ចំណុចដែលមានគោលបំណងបញ្ចប់ជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣។បទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ 2025។ ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកម្តងហើយម្តងទៀតអំពីការរំលោភបំពាន។
កាលពីដើមខែនេះ រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសពីការចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការសន្តិភាព ដោយផ្លាស់ប្តូរការផ្តោតអារម្មណ៍ពីបទឈប់បាញ់ទៅជាការបន្ធូរបន្ថយយោធា ការគ្រប់គ្រងបច្ចេកវិទ្យា និងការកសាងឡើងវិញ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





