លីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងឥន្ធនៈតម្លៃ ២០ប៊ីលានដុល្លារអាម៉េរិកជាមួយក្រុមហ៊ុនបារាំង និងសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីលីប៊ី លោកអាប់ឌុល ហាមីដ ឌីបៃបាហ៍ (Abdul-Hamid Dbeibah) បានប្រកាសអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងឥន្ធនៈជាមួយក្រុមហ៊ុនបរទេសចំនួនពីរ ដោយមានការវិនិយោគលើសពី ២០ប៊ីលានដុល្លារអាម៉េរិក។
នៅក្នុងការបង្ហោះមួយដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោក ឌីបៃបាហ៍ បាននិយាយថា ប្រទេសលីប៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍សម្រាប់រយៈពេល ២៥ឆ្នាំជាមួយក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំង និងក្រុមហ៊ុនConocoPhillips របស់សហរដ្ឋអាមេរិក។
លោកបាននិយាយថា កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើនសមត្ថភាពផលិតរបស់ក្រុមហ៊ុនប្រេង Libyan Waha រហូតដល់៨៥០.០០០បារ៉ែលក្នុងមួយថ្ងៃ ដោយប្រាក់ចំណូលសុទ្ធត្រូវបានគេរំពឹងថានឹងលើសពី ៣៧៦ប៊ីលានដុល្លារអាម៉េរិកសម្រាប់ប្រទេសលីប៊ី។
លោក ឌីបៃបាហ៍ ក៏បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Chevron ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏ដូចជាអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រេងកាត និងធនធានរ៉ែរបស់ប្រទេសអេហ្ស៊ីប ដោយលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈទាំងនេះបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលថាមពល និងសេដ្ឋកិច្ចលីប៊ីលើកទី៤ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅរដ្ឋធានីទ្រីប៉ូលី ដោយមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិ និងលីប៊ី។
ការនាំចេញប្រេង និងឧស្ម័ន គឺជាប្រភពចំណូលចម្បងសម្រាប់ប្រទេសលីប៊ី ទោះបីជាវិស័យនេះបានប្រឈមមុខនឹងឧបសគ្គក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែជម្លោះក្នុងស្រុក និងអស្ថិរភាពនយោបាយក៏ដោយ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





