តួកគីរឹបអូសគ្រឿងញៀនដែលមានតម្លៃ ៣៩លានដុល្លារអាម៉េរិកនៅតាមច្រកចូលព្រំដែន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- ក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរតួកគីបានរឹបអូសគ្រឿងញៀនដែលមានតម្លៃប្រហែល ១,៧ប៊ីលានលីរ៉ាស៍តួកគី (ប្រហែល ៣៩លានដុល្លារអាម៉េរិក) នៅក្នុងប្រតិបត្តិការសម្របសម្រួលទូទាំងប្រទេសនៅតាមច្រកព្រំដែន កំពង់ផែ និងអាកាសយានដ្ឋាន។
ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងនៅច្រកព្រំដែន Gurbulak និងច្រកព្រំដែន Kapikoy ភាគខាងកើតប្រទេសតួកគី ក៏ដូចជានៅច្រកព្រំដែន Edirne ច្រកព្រំដែនHamzabeyli និងច្រកព្រំដែន Ipsala តាមបណ្តោយព្រំដែនជាមួយប្រទេសប៊ុលហ្គារី និងក្រិក។
ការរឹបអូសនេះក៏បានកំណត់គោលដៅលើកំពង់ផែ Mersin នៅភាគខាងត្បូងខេត្តមឺស៊ីន ក៏ដូចជាអាកាសយានដ្ឋាន Istanbul និងអាកាសយានដ្ឋាន Antalya ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងការជួញដូរគ្រឿងញៀនរបស់ប្រទេស។
សេចក្តីថ្លែងការណ៍បានបន្ថែមថា យានយន្ត និងការដឹកជញ្ជូនដែលត្រូវបានកំណត់ថាមានហានិភ័យខ្ពស់ត្រូវបានទទួលរងនូវការត្រួតពិនិត្យលម្អិតដោយប្រើកាំរស្មីអ៊ិច និងប្រព័ន្ធត្រួតពិនិត្យដែលមិនជ្រៀតជ្រែកផ្សេងទៀតដោយមានការគាំទ្រពីសត្វសុនករកគ្រឿងញៀន។ គ្រឿងញៀនដែលរឹបអូសបានទាំងអស់ត្រូវបានបំផ្លាញចោលបន្ទាប់ពីប្រតិបត្តិការ។
ក្រសួងបាននិយាយថា ក្រុមអនុវត្តន៍ច្បាប់គយបានរឹបអូសគ្រឿងញៀនចំនួន ៣៣,៦ តោនដែលមានតម្លៃ ៤៤,៩ប៊ីលានលីរ៉ាស៍ (មួយប៊ីលានដុល្លារអាម៉េរិក) កាលពីឆ្នាំមុន ហើយនឹងបន្តប្រតិបត្តិការប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលមានការរៀបចំ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





