លោក មូសេវេនី សរសើរពីទំនាក់ទំនងរវាងអ៊ូហ្គង់ដា-ចិន ដែលកំពុងរីកចម្រើន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ូហ្គង់ដា លោក យ៉ូវេរី មូសេវេនី (Yoweri Museveni) បានមានប្រសាសន៍កាលពីថ្ងៃពុធថា ទំនាក់ទំនងជាមួយប្រទេសចិនបានបន្តពង្រឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគោលនយោបាយពន្ធសូន្យរបស់ប្រទេសចិនសម្រាប់ប្រទេសនៅទ្វីបអាហ្វ្រិកនឹងជួយជំរុញការនាំចេញរបស់ប្រទេសអ៊ូហ្គង់ដាទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយរដ្ឋសភា លោក មូសេវេនី បានសម្តែងការកោតសរសើរចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរជាលំដាប់។
លោក មូសេវេនី ដែលបានទទួលអាណត្តិប្រាំឆ្នាំលើកទីប្រាំពីរ បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសកាលពីសប្តាហ៍មុន ដោយបានស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋាភិបាលចិនក្នុងការលុបចោលពន្ធលើការនាំចេញរបស់ប្រទេសអ៊ូហ្គង់ដា លោកបាននិយាយថា ចលនានេះនឹងគាំទ្រយ៉ាងសំខាន់ដល់កំណើនពាណិជ្ជកម្ម និងកិច្ចខិតខំប្រឹងប្រែងបង្កើតទ្រព្យសម្បត្តិរបស់ប្រទេសអ៊ូហ្គង់ដា។
លោក មូសេវេនី បានកត់សម្គាល់ថា «ទាក់ទងនឹងការវិនិយោគរបស់ប្រទេសចិននៅអ៊ូហ្គង់ដា យើងបានគាំទ្រផលប្រយោជន៍របស់ប្រទេសចិនអស់រយៈពេលជាយូរមកហើយ ហើយយើងនឹងបន្តធ្វើដូច្នេះទៀត»។
លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលលោកថ្លែងពាក្យលាទៅកាន់លោក ហ្សាង លីហ្សុង (Zhang Lizhong) ឯកអគ្គរដ្ឋទូតចិនប្រចាំអ៊ូហ្គង់ដា ដែលជិតផុតអាណត្តិ ដោយលោកបានសម្តែងការដឹងគុណចំពោះលោក មូសេវេនី និងរដ្ឋាភិបាលអ៊ូហ្គង់ដា ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដែលបានផ្តល់ជូនលោកពេញមួយអាណត្តិ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





