ទីភ្នាក់ងារសារព័ត៌មាន BTA នឹងបញ្ជូនអ្នកឆ្លើយឆ្លងព័ត៌មានពិសេសជាមួយបេសកកម្មអង់តាក់ទិកប៊ុលហ្គារីលើកទីបួនជាប់ៗគ្នា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មាន BTA នឹងមានអ្នកឆ្លើយឆ្លងព័ត៌មានពិសេសម្នាក់នៅលើនាវាស្រាវជ្រាវកងទ័ពជើងទឹកប៊ុលហ្គារី Sv. Sv. Kiril i Metodii (RSV 421) សម្រាប់ឆ្នាំទីបួនជាប់ៗគ្នា និងនៅក្លឹបសារព័ត៌មានជាតិរបស់ BTA នៅមូលដ្ឋានអង់តាក់ទិកប៊ុលហ្គារី។
លោកស្រី ស៊ីម៉ូណា-អាឡេកស៍ មីហាឡេវ៉ា (Simona-Aleks Mihaleva) ដែលជានិពន្ធនាយកជាន់ខ្ពស់នៅក្នុងនាយកដ្ឋានបាល់កង់របស់ទីភ្នាក់ងារសារព័ត៌មាន BTA នឹងចេញដំណើរទៅកាន់អង់តាក់ទិកនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ រួមជាមួយប្រធានបេសកកម្មអង់តាក់ទិកជាតិ លោកសាស្ត្រាចារ្យ គ្រីស្តូ ពីមពីរ៉េវ (Christo Pimpirev) លោកសាស្ត្រាចារ្យរង ស្តូយ៉ាន ចចជីវ (Stoyan Georgiev) មកពីវិទ្យាស្ថានភូគព្ភសាស្ត្រប៊ុលហ្គារី (BAS) លោកស្រី ស្នឺហ្សាណា រូស៊ីណូវ៉ា-វីដេវ៉ា (Snezhana Rusinova-Videva) មកពីវិទ្យាស្ថានអតិសុខុមជីវសាស្ត្រស្តេហ្វេន អេនជែលឡូហ្វរបស់វិទ្យាស្ថាន BAS និងអ្នកនិពន្ធ វ៉ាស៊ីល ប៉ូប៉ូវ (Vasil Popov)។
នៅ Punta Arenas ក្រុមការងារនេះនឹងត្រូវបានចូលរួមដោយលោកវេជ្ជបណ្ឌិត ជើហ្កាណា ចចជីវ៉ា (Gergana Georgieva) មកពីមហាវិទ្យាល័យរូបវិទ្យានៅសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញខាងមហាសមុទ្រ លោកសាស្ត្រាចារ្យ អេមីល ស្តាណេវ (Emil Stanev) មកពីប្រទេសអាល្លឺម៉ង់ ក៏ដូចជាអ្នកវិទ្យាសាស្ត្រក្រិក លោក ឌីអូនីសៀ រីហ្កាទូ (Dionysia Rigatou) មកពីសាកលវិទ្យាល័យអាថែនស៍ និងលោក អេលេនី គីទីនូ (Eleni Kytinou) មកពីមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រក្រិក។
ចាប់តាំងពីឆ្នាំ២០២២ មក ទីភ្នាក់ងារសារព័ត៌មាន BTA មានក្លឹបសារព័ត៌មានជាតិមួយនៅលើនាវា RSV 421។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសប៊ុលហ្គារីនេះក៏បានបើកក្លឹបសារព័ត៌មានមួយនៅឯមូលដ្ឋានអង់តាក់ទិកប៊ុលហ្គារី St. Kliment Ohridski នៅលើកោះលីវីងស្តូនផងដែរ។
ក្នុងអំឡុងពេលនៃបេសកកម្មទាំងបីរបស់នាវាស្រាវជ្រាវប៊ុលហ្គារីទៅកាន់អង់តាក់ទិក និងត្រឡប់មកវិញ ទីភ្នាក់ងារសារព័ត៌មាន BTA បានបញ្ជូនអ្នកឆ្លើយឆ្លងព័ត៌មាន ដូចជា លោក កូស្តេនទីណ ការ៉ាជីយ៉ូហ្សូវ (Konstantin Karagyozov) និពន្ធនាយកផ្នែកសេវាកម្មភាសាអង់គ្លេសរបស់ BTA គឺជាអ្នកឆ្លើយឆ្លងព័ត៌មានក្នុងអំឡុងពេលនៃដំណើរប្រវត្តិសាស្ត្រលើកដំបូងរបស់នាវា RSV 421 នៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣។ លោកបានរាយការណ៍ពេញក្នុងរយៈពេល ១២៧ថ្ងៃនៃបេសកកម្មជាមួយនឹងអត្ថបទ វីដេអូ និងរូបថតអំពីការស្រាវជ្រាវវិទ្យាសាស្ត្រដែលបានធ្វើឡើងក្នុងអំឡុងពេលនៃដំណើរការទាំងមូល (រួមទាំងឆ្លងកាត់មហាសមុទ្រអាត្លង់ទិកទាំងសងខាង)។ ទីភ្នាក់ងារសារព័ត៌មាន BTA ក៏មានអ្នកឆ្លើយឆ្លងព័ត៌មានម្នាក់ក្នុងអំឡុងពេលនៃដំណើរលើកទីពីររបស់នាវា Sv. Sv. Kiril i Metodii ក្នុងអំឡុងពេលនៃការស្រាវជ្រាវវិទ្យាសាស្ត្រនៅដើមឆ្នាំ២០២៤ ផងដែរ គឺលោក អេមីល ហ្ក្រានីចារ៉ូវ (Emil Granicharov) ដែលបានផ្ញើកំណត់ហេតុវីដេអូរបស់នាវា ជាមួយនឹងសម្ភារៈដែលអាចរកបានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់។ ក្នុងអំឡុងពេលនៃដំណើរលើកទីបីរបស់នាវានេះនៅដើមឆ្នាំ២០២៥ អ្នកឆ្លើយឆ្លងព័ត៌មាន គឺលោកស្រី មីឡេណា អូស្រ្តូវស្កា (Milena Ostrovska)។
សម្ភារៈរបស់អ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់ទីភ្នាក់ងារសារព័ត៌មាន BTA នៅលើនាវា RSV 421 និងនៅអង់តាក់ទិក អាចចូលមើលបានដោយសេរីនៅក្នុងផ្នែកប្រធានបទពិសេស កំណត់ហេតុរបស់ទីភ្នាក់ងារសារព័ត៌មាន BTA ជាភាសាប៊ុលហ្គារី និងអង់គ្លេស ហើយអាចត្រូវបានប្រើប្រាស់ដោយសេរីដោយប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដោយមានការបញ្ជាក់ថាជារបស់ទីភ្នាក់ងារសារព័ត៌មាន BTA។ អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន BTA លោក គីរីល វ៉ាល់ឆេវ (Kiril Valchev) បានរំលឹកថា អរគុណចំពោះអ្នកឆ្លើយឆ្លងព័ត៌មានទាំងអស់ ហើយទីភ្នាក់ងារនេះបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមលទ្ធផលស្វែងរកកំពូលៗនៅលើគេហទំព័រ Google នៅពេលស្វែងរកឃ្លាអ្នកឆ្លើយឆ្លងព័ត៌មានអង់តាក់ទិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





