អ្នកស្លាប់ក្នុងហេតុការណ៍អគ្គីភ័យផ្សារទំនើបនៅប៉ាគីស្ថានកើនដល់ ៥៥នាក់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ -- ចំនួនអ្នកស្លាប់ដោយសារគ្រោះអគ្គីភ័យនៅផ្សារទំនើបមួយក្នុងទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន បានកើនឡើងដល់យ៉ាងហោចណាស់ ៥៥នាក់។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលក្រុងការ៉ាជីបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍។
លោក ចាវ៉េដ ណាប៊ី ខូសូ (Javed Nabi Khoso) អនុប្រធានស្នងការស្រុកភាគខាងត្បូងទីក្រុងការ៉ាជី បាននិយាយថា «សាកសពសរុបចំនួន ៥៥នាក់ត្រូវបានរកឃើញចាប់តាំងពីយប់ថ្ងៃសៅរ៍សប្តាហ៍មុនមក» នៅពេលដែលអគ្គីភ័យបានផ្ទុះឡើង។
សាច់ញាតិរបស់អ្នកដែលនៅតែបាត់ខ្លួនបានរិះគន់ប្រតិបត្តិការដែលមានភាពយឺតយ៉ាវនៅអាគារ Gul Plaza កម្ពស់បីជាន់ ជាកន្លែងដែលក្រុមអ្នកជួយសង្គ្រោះកំពុងរុករកមនុស្សនៅក្នុងបំណែកបាក់បែក។
មន្ត្រីសុខាភិបាលខេត្ត លោកស្រី សាំម៉ៃយ៉ា ស៊ីយ៉េដ (Summaiya Syed) បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា គ្រួសារជាង៥០ បានផ្តល់សំណាក DNA។
លោកស្រីបាននិយាយនៅខាងក្រៅសាលតម្កល់សពនៃមន្ទីរពេទ្យស៊ីវិលការ៉ាជីថា «យើងនឹងប្រគល់សាកសពទៅឱ្យក្រុមគ្រួសារវិញ នៅពេលដែលសំណាក DNA ត្រូវបានផ្គូផ្គង»។
អគ្គីភ័យបានកើតឡើងជាទូទៅនៅក្នុងទីផ្សារ និងរោងចក្រនានាក្នុងទីក្រុងការ៉ាជី ដែលត្រូវបានគេស្គាល់ថាមានហេដ្ឋារចនាសម្ព័ន្ធមិនល្អ ប៉ុន្តែអគ្គីភ័យក្នុងទ្រង់ទ្រាយធំបែបនេះគឺកម្រមានណាស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





