ប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេស៊ុយអេឡា គ្រោងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយក្លាយជាមេដឹកនាំវេណេស៊ុយអេឡាដំបូងគេដែលធ្វើដូច្នេះក្នុងរយៈពេលជាងមួយភាគបួននៃសតវត្សរ៍។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បាននិយាយកាលពីពេលថ្មីៗនេះ ដែលជាសញ្ញាមួយនៃការផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស។
យោងតាមមន្ត្រីជាន់ខ្ពស់របស់សេតវិមាន បានឱ្យដឹងថា នៅមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូឌ្រីហ្គេស នៅឡើយទេ។
លោកស្រី រ៉ូឌ្រីហ្គេស បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន បន្ទាប់ពីការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ដែលនាំឱ្យមានការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយារបស់លោក គឺលោកស្រី ស៊ីលីយ៉ា ហ្រ្លូរ៉េស (Cilia Flores) បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនខែជុំវិញការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
ថ្លែងកាលពីពេលថ្មីៗនេះ លោកស្រី រ៉ូឌ្រីហ្គេស បាននិយាយថា លោកស្រីកំពុងខិតជិតកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកដោយគ្មានការភ័យខ្លាច ដោយលោកស្រីបានសង្កត់ធ្ងន់ទៅលើការទូតជាមាគ៌ាដែលពេញចិត្តដើម្បីដោះស្រាយជម្លោះយូរអង្វែង។
លោកស្រី រ៉ូឌ្រីហ្គេស ដែលធ្លាប់បម្រើការជាអនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងប្រេង បាននិយាយថា «យើងកំពុងស្ថិតក្នុងដំណើរការនៃកិច្ចសន្ទនា ធ្វើការងារជាមួយសហរដ្ឋអាមេរិក ដោយគ្មានការភ័យខ្លាចណាមួយឡើយ ដើម្បីប្រឈមមុខនឹងភាពខុសគ្នា និងការលំបាករបស់យើង និងដើម្បីដោះស្រាយវាតាមរយៈការទូត»។
ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ បង្ហាញពីការផ្លាស់ប្តូរសក្តានុពលនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីមានអរិភាព និងទណ្ឌកម្មអស់រយៈពេលជាច្រើនឆ្នាំ។
បើទោះបីជាមានការបើកចំហរផ្នែកការទូតក៏ដោយ ក៏លោកស្រី រ៉ូឌ្រីហ្គេស នៅតែស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក រួមទាំងការបង្កកទ្រព្យសម្បត្តិផងដែរ។
ដំណើរទស្សនកិច្ចចុងក្រោយរបស់ប្រធានាធិបតីវេណេស៊ុយអេឡា ដែលកំពុងកាន់តំណែងទៅកាន់សហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងឆ្នាំ១៩៨៩ នៅពេលដែលលោកប្រធានាធិបតី កាឡូស អង់ដ្រេស ប៉េរ៉េស (Carlos Andres Perez) កំពុងកាន់តំណែង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





