កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឥណ្ឌូណេស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី រំពឹងថានឹងជំរុញពាណិជ្ជកម្មទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ -- លោក ស៊ែរហ្គេយ ថុលឆឺណូវ (Sergei Tolchenov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសឥណ្ឌូណេស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ត្រូវបានគេរំពឹងថានឹងផ្តល់នូវកម្លាំងចលករដ៏រឹងមាំមួយសម្រាប់ពាណិជ្ជកម្មទ្វេភាគីនៅក្នុងរយៈពេលខាងមុខ។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើសារព័ត៌មាន Bisnis Indonesia កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា លោក ថុលឆឺណូវ បានកត់សម្គាល់ថា ការលុបបំបាត់របាំងពន្ធគយ និងបច្ចេកទេសក្រោមកិច្ចព្រមព្រៀងនេះ រួមទាំងការលុបបំបាត់ពន្ធនាំចូលទៅលើទំនិញឥណ្ឌូណេស៊ី ៩០,៥% និង ៩០% ទៅលើផលិតផលពីប្រទេសរុស្ស៊ី និងរដ្ឋជាសមាជិក EAEU ផ្សេងទៀត ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះបន្ថែមទៀតសម្រាប់ការពង្រីកពាណិជ្ជកម្មទ្វេភាគី។
លោកបានសង្កត់ធ្ងន់ថា នៅពីក្រោយនៃការបែកបាក់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ភាពមិនប្រាកដប្រជា និងភាពមិនស៊ីសង្វាក់គ្នាកាន់តែខ្លាំងឡើងនៅក្នុងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋមួយចំនួន ក៏ដូចជាការឈ្លានពានពន្ធគយ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក EAEU និងប្រទេសឥណ្ឌូណេស៊ី នឹងមានប្រយោជន៍សម្រាប់អ្នកចូលរួមទាំងអស់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដែលជួយធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មបរទេស និងកាត់បន្ថយភាពងាយរងគ្រោះចំពោះវិបត្តិសេដ្ឋកិច្ចពិភពលោក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសឥណ្ឌូណេស៊ី និង EAEU ដែលរួមមានប្រទេសរុស្ស៊ី កាហ្សាក់ស្ថាន បេឡារុស អាមេនី និងកៀហ្ស៊ីស៊ីស្ថាន ត្រូវបានចុះហត្ថលេខានៅទីក្រុង Saint Petersburg៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





