ហ្វីលីពីនកំពុងពិចារណាលើការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាកាតព្វកិច្ច
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ -- ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងហ្វីលីពីន (DICT) មានគម្រោងទាមទារឱ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នៅក្នុងប្រទេសធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណ ដែលមានន័យថាទប់ស្កាត់ការរំលោភបំពានតាមអ៊ីនធើណេត ប៉ុន្តែវាទទួលបានការរិះគន់ពីអ្នកតស៊ូមតិសិទ្ធិឌីជីថល និងភាពជាឯកជន។
លោក ហេនរី អាគូដា (Henry Aguda) លេខាធិការក្រសួង DICT បាននិយាយថា គោលនយោបាយនេះ ឥឡូវបច្ចុប្បន្នកំពុងស្ថិតក្រោមការពិនិត្យមើលឡើងវិញដោយក្រុមគោលនយោបាយ និងក្រុមអ្នកច្បាប់របស់ក្រសួង ដែលអាចត្រូវបានអនុវត្តតាមរយៈបទបញ្ជារបស់ក្រសួងនៅដើមសប្តាហ៍ក្រោយ។
លោក អាគូដា បាននិយាយថា វិធានការនេះនឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការតាមដានបុគ្គលដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអនឡាញ ការយាយី ការបរិហារកេរ្តិ៍ និងបទល្មើសតាមអនឡាញផ្សេងៗទៀត។
ទោះជាយ៉ាងណាក៏ដោយ លោក វីនស្រូប យូ (Winthrop Yu) មកពីសង្គមអ៊ីនធើណេតហ្វីលីពីន បាននិយាយថា ការប្រមូលទិន្នន័យផ្ទាល់ខ្លួនទ្រង់ទ្រាយធំបានបង្កើតភាពងាយរងគ្រោះធ្ងន់ធ្ងរ និងធ្វើឱ្យមនុស្សគ្រប់គ្នាប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ចាប់តាំងពីការធ្វើប្រវត្តិរូប ការលួចអត្តសញ្ញាណ និងករណីជាច្រើនទៀត។
ទន្ទឹមនឹងនេះដែរ គេហទំព័រ Democracy.Net.PH បាននិយាយថា សំណើនេះមានគ្រោះថ្នាក់ និងជាការមិនចាំបាច់ ដោយបានអះអាងថា សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗបំផុតរបស់ពិភពលោកក៏បរាជ័យក្នុងការធានាមូលដ្ឋានទិន្នន័យអ្នកប្រើប្រាស់ដ៏ធំសម្បើមនេះដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





